សម្តេចធិវតី នាយករដ្ឋមន្រ្តីប្រកាសថា សុខចិត្តឲ្យគេចោទថាជនផ្តាច់ការវាប្រសើរជាងគេចោទថា អសមត្ថភាពថែរក្សាសន្តិភាពមិនបាន
កោះកុង ៖ សម្តេចធិបតី នាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ឆ្លើយតបទៅកាន់ជនមួយចំនួន ដែលជាបក្សពួកដែលកំពុងរត់ចោលស្រុកនោះ បានលើកឡើងថា សម្តេចសុខចិត្តទទួលយកពាក្យគេ ចោទប្រកាន់ថាជាជនផ្តាច់ការ ពេលដែលសម្តេចប្តេជ្ញាការពារសន្តិភាពជូនប្រជាពលរដ្ឋ ដើម្បីប្តូរពាក្យមិនឲ្យប្រជាពលរដ្ឋចោទប្រកាន់ រដ្ឋាភិបាលអសមត្ថភាព ដោយមិនអាចថែរក្សានូវសុខសន្តិភាពបាននោះ ។
នាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទស្ទឹង និងបើកការដ្ឋានសាងសង់ «ទំនប់វារីអគ្គីសនីស្ទឹងតាតៃលើ» ដែលមានអនុភាព១៥០មេហ្គាវ៉ាត់ នៅក្នុងស្រុកថ្មបាំង ខេត្តកោះកុង សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ដើម្បីការពារនូវសុខសន្តិភាពមិនឲ្យប្រជាពលរដ្ឋស្លាប់ មិនឲ្យប្រទេសដើរថយក្រោយនោះ សម្តេចសុខចិត្តឲ្យក្រុមមួយក្តាប់តូចចោទសម្តេចថា ជាមេដឹកនាំផ្តាច់ការទៅចុះ ដើម្បីធ្វើយ៉ាងលើកម្ពស់សេដ្ឋកិច្ចជាតិ និងជីវភាពប្រជាពលរដ្ឋខ្មែរឲ្យកាន់តែល្អប្រ សើរបន្ថែមទៀតក្រោមម្លប់សន្តិភាព។
សម្ដេចធិបតី បានប្រាប់ទៅកាន់ក្រុមប្រឆាំងទាំងនោះថា «អ្នកដែលចោទខ្ញុំឲ្យតែរដ្ឋាភិបាលនិយាយពីសុខសន្តិភាពគឺស្មើនឹងផ្ដាច់ការ…ហើយឲ្យតែយើងនិយាយថា យើងត្រូវតែខិតខំថែរក្សាសន្តិភាព ស្ថិរភាពឲ្យបានទោះក្នុងតម្លៃណាក៏ដោយនោះគេតែងតែថា នេះគឺជាការផ្ដាច់ការទៅវិញ។តែទោះជាយ៉ាងណា បើថាហៅខ្ញុំផ្ដាច់ការ ដោយសារខ្ញុំប្ដេជ្ញាចិត្តការពារសន្តិភាព មិនឲ្យប្រជាពលរដ្ឋស្លាប់ មិនឲ្យប្រទេសដើរថយក្រោយដូចពេលដែលយើងបាត់សន្តិភាពដូចកាលពីមុននោះ ខ្ញុំសុខចិត្តទទួលយកទៅចុះ»។
សម្តេចធិបតី នាយករដ្ឋមន្រ្តី ក៏បានអះអាងផងដែរថា រាជរដ្ឋាភិបាលអាណត្តិទី៧នេះមានភារកិច្ចដ៏ធំបំផុត គឺទទួលខុសត្រូវក្នុងការជំរុញជីវភាពពលរដ្ឋទូទាំងប្រទេស និងសេដ្ឋកិច្ចឱ្យដើរទៅមុខជានិច្ច។ ជាងនេះទៅទៀត រាជរដ្ឋាភិបាលនឹងទទួលខុសត្រូវលើការអភិវឌ្ឍទាំងឡាយ គិតគូរអំពីផលប៉ះពាល់ទៅដល់មូលដ្ឋាន ទាំងបរិស្ថាន មនុស្ស និងសត្វផងដែរ៕