ចាប់ផ្ដើមប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារឌីជីថល លើគ្រឹះស្ថានអប់រំរដ្ឋចំនួន ៣ មានស៊ីវិល នគរបាល និងយោធា។

ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សាលាភូមិន្ទរដ្ឋបាល បណ្ឌិត្យសភានគរបាលកម្ពុជា និង សាកលវិទ្យាល័យ​ការពារជាតិ ចុះហត្ថលេខា​លើ​អនុស្សរណៈ​លើ​ការ​យោគ​យល់​ស្តីពី​កិច្ច​សហប្រតិបត្តិការ​ដាក់​ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ការរៀបចំហេដ្ឋារចនាសម្ព័ន្ធ និង​ការតភ្ជាប់អ៊ីនធឺណិត ។

នៅទីស្តីការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បាន​អញ្ជើញ​ជា​អធិបតី​ ក្នុង​ពិធី​ចុះ​ហត្ថលេខាលើ​អនុស្សរណៈ នៃ​ការ​យោគយល់​ស្តីពីកិច្ច​សហប្រតិបត្តិការ​ក្នុង​ការ​ដាក់​ឱ្យ​ប្រើថ្នាល​ផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ការរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់អ៊ីនធឺណិត រវាង​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សាលាភូមិន្ទរដ្ឋបាល នៃក្រសួងមុខងារសាធារណៈ បណ្ឌិត្យ​សភានគរបាលកម្ពុជា នៃក្រសួងមហាផ្ទៃ និងសាកលវិទ្យាល័យការពារជាតិ នៃក្រសួង​ការពារជាតិ កាលពីរសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ។

ការចុះហត្ថលេខាអនុស្សរណៈនេះ ត្រូវបានរៀបចំ​ឡើង​ក្នុង​គោល​បំណង​ជំរុញ​ល្បឿននៃ​ការ​ធ្វើ​បរិវត្តកម្មឌីជីថល និងការបណ្តុះបណ្តាលមូលធនមនុស្សឌីជីថល ក្នុងចំណោម​អ្នក​រាជ​ការ​សាធារណៈ និងកងកម្លាំងប្រដាប់អាវុធ នៃព្រះរាជាណាចក្រកម្ពុជា និយាយជារួម ហើយនិយាយ​ដោយ​ឡែក គឺជាការបើកទំព័រថ្មីមួយទៀតនៃកិច្ចសហប្រតិបត្តិការផ្តួចផ្តើមដោយ ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ដែលមានការចូលរួមពីគ្រឹះស្ថានអប់រំរដ្ឋ ៣ សំខាន់ៗ ដើម្បី​បង្កើន​មូល​ធន​មនុស្សឌីជីថលក្នុងក្របខណ្ឌ ៣ ក្នុងពេលតែមួយ គឺស៊ីវិល នគរបាល និងយោធា។

អនុស្សរណៈនេះ ក៏បាន​បង្ហាញ​ពី​កិច្ច​សហប្រតិបត្តិការ​ប្រកប​ដោយ​ស្មារតី​បុរេស​កម្ម​របស់​គណៈ​គ្រប់គ្រង នៃ​គ្រឹះស្ថានអប់រំទាំង ៣ ចំពោះការចូលរួមប្រើប្រាស់ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ​និងការអភិវឌ្ឍបច្ចេកវិទ្យាឌីជីថលរបស់គ្រឹះស្ថានអប់រំរដ្ឋ ដើម្បីចូលរួម​ចំណែក​ក្នុង​ការ​សម្រេច​ចក្ខុវិស័យកសាងសេដ្ឋកិច្ច និងសង្គមឌីជីថលរបស់រាជរដ្ឋាភិបាល ឈានទៅ​សម្រេច​ឱ្យ​បាន​ចក្ខុ​វិស័យកម្ពុជា ឆ្នាំ២០៥០ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ក្រោម​ការ​ដឹកនាំ​ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជា​ណា​ចក្រកម្ពុជា។

គួរបញ្ជាក់ផងដែរថា ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh គឺជាថ្នាលរបស់រាជរដ្ឋាភិបាល ដែល​អភិវឌ្ឍដោយ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និង​ត្រូវ​បាន​ដាក់​ឱ្យ​ប្រើ​ក្នុង​គោល​បំណង​លុប​បំបាត់ការក្លែងបន្លំឯកសារ ផ្តល់ភាពងាយស្រួលក្នុងការប្រើប្រាស់ និ​ង​ផ្ទៀង​ផ្ទាត់​ភាព​ត្រឹម​ត្រូវ ​នៃឯកសារ ផ្តល់ទំនុកចិត្ត ចំណេញពេលវេលា និងកាត់បន្ថយចំណាយនានា ព្រម​ទាំង​ជំរុញ​ការ​ធ្វើបរិវត្តកម្មឌីជីថល ស្របតាមឧត្តមានុវត្តជាអន្តរជាតិ។ ការផ្ទៀង​ផ្ទាត់​ឯកសារ​នៅ​លើ​ថ្នាល ​verify.gov.kh ត្រូវធ្វើឡើងតាមរយៈការដាក់បញ្ចូល QR Code ស្តង់ដា ដោយ​ប្រើ​បច្ចេក​វិទ្យា​ប្លុក​ឆេន (Blockchain) ដែលមានសុវត្ថិភាពខ្ពស់នៅលើសន្លឹកនៃសញ្ញាបត្រនីមួយៗ។ ទន្ទឹម​នឹង​នេះ ការប្រើឯកសារដែលមានដាក់បញ្ចូល QR Code ស្តង់ដានេះ មិន​តម្រូវ​ឱ្យ​មាន​ការ​ធ្វើ​នីត្យានុកូលកម្មលើឯកសារថតចម្លងក្នុងទម្រង់ជាក្រដាសឡើយ៕