ដំណឹងពិសេស! ការប្រកាសផ្តល់អាហារូបករណ៍១០០% ទៅកាន់សិស្សទើបបញ្ចប់ថ្នាក់វិទ្យាល័យ និងកំពុងសិក្សាថ្នាក់ទី១២ ពីសាកលវិទ្យាល័យខេមតិច។
ភ្នំពេញ៖ សាកលវិទ្យាល័យខេមតិច បានប្រកាសផ្តល់ជូននូវអាហារូបករណ៍ទេពកោសល្យស្ទែម ថ្នាក់បរិញ្ញាបត្រជាច្រើនកន្លែង សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ដល់សិស្សានុសិស្សទើបបញ្ចប់ថ្នាក់វិទ្យាល័យ និងកំពុងសិក្សាថ្នាក់ទី១២ ដែលអាហារូបករណ៍នេះ នឹងផ្ដល់ជូនរហូតដល់ ១០០% រយៈពេល ៤ឆ្នាំ។
នៅថ្ងៃទី២៩ ខែវិច្ឆិកានេះ សាកលវិទ្យាល័យខេមតិច បានបញ្ជាក់ថា ការប្រឡងចូលសិក្សា និងទទួលអាហារូបករណ៍នេះ នឹងប្រព្រឹត្តនៅថ្ងៃទី១៣ និង១៤ ខែធ្នូ ឆ្នាំ២០២៣ខាងមុខ។
អាហារូបករណ៍ដែលនឹងត្រូវផ្ដល់ជូននេះ គឺលើជំនាញសិក្សាបច្ចេកវិទ្យា រួមមាន៖ សន្តិសុខតាមប្រព័ន្ធអ៊ីនធឺណែត(Cyber Security) វិទ្យាសាស្ត្រទិន្នន័យនិងបញ្ញាសប្បនិមិ្មត(Data Science and Artificial Intelligence) វិស្វកម្មសូហ្វវែរ(Software Engineering) វិស្វកម្មរ៉ូបូតនិងស្វ័យប្រវត្តិកម្ម(Robotic and automation) ស្ថាបត្យកម្ម(Architecture) ការរចនាផ្នែកខាងក្នុង(Interior Design) បច្ចេកវិទ្យាអប់រំ(Educational Technology) ប្រព័ន្ធផ្សព្វផ្សាយនិងបច្ចេកវិទ្យាទំនាក់ទំនង(Media and Communication Technology) គ្រប់គ្រងហានិភ័យ និងបញ្ញាធុរកិច្ច(Risk Management and Business Intelligent) និងនវានុវត្តន៍ និងសហគ្រិនភាព(Innovation and Entrepreneurship)៕