បច្ចុប្បន្នភាពសង្គ្រាមរវាងអ៊ីស្រាអ៊ែល-ហាម៉ាស់ប៉ាឡេស្ទីន ជាដំណឹងសង្ខេប គិតត្រឹមថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នំា២០២៣

-នៅព្រឹកព្រលឹមថ្ងៃពុធនេះ ប្រទេសអ៊ីស្រាអ៊ែលបាននិយាយថា មានចំណាប់ខ្មំាងប្រមាណជា ១២នាក់ផ្សេងទៀត ត្រូវក្រុមហាម៉ាស់ធ្វើការដោះលែងចេញពីតំបន់ហ្គាហ្សា ក្នុងចំណោមនោះមានជនជាតិថៃពីរនាក់ផងដែរ បានវិលត្រឡប់ចូលមកដល់ទឹកដីអ៊ីស្រាអ៊ែលវិញហើយ ។

-ចំនែកមន្រ្តីពន្ធនាគារ នៅក្នុងប្រទេសអ៊ីស្រាអ៊ែលវិញ បាននិយាយថា ពួកគេបានដោះលែងអ្នកទោសជាតិប៉ាឡេស្ទីនបន្ថែមទៀតចំនួន៣០នាក់នៅថ្ងៃនេះ នៅក្នុងចំណោមទំាង១៥០នាក់ ភាគច្រើនជាស្រ្តី និងក្មេងប្រុសវ័យជំទង់ ។

-ជាថ្ងៃទី៥ហើយ កាលពីថ្ងៃអង្គារនៃកិច្ចព្រមព្រៀង ផ្អាកវាយប្រហារគ្នារវាងភាគីទំាងពីរ បន្ទាប់ពីបានឯកភាពពន្យាពេលបន្ថែម៤៨ម៉ោងបន្តទៀតនោះរួចមក ។

-កូនប្រុសម្នាក់ដែលឳពុករបស់គេជាប់ជាចំណាប់ថ្នូរ នៅក្នុងដែនដីហ្គាហ្សាមានអាយុ៧៥ឆ្នំាទៅហើយនោះ បានបង្ហាញអារម្មណ៍រំភើបរីករាយក្រៃលែង ដែលបានឃើញមុខលោកឳពុកបានត្រឡប់មកវិញដោយសុវត្ថិភាព។

-ក្រុមអ្នកទោសជាតិប៉ាឡេស្ទីន បានចោទប្រកាន់មន្រ្តីពន្ធនាគារនៅក្នុងប្រទេសអ៊ីស្រាអ៊ែលថា បានធ្វើទុក្ខបុកម្នេញបែបអមនុស្សធម៌នៅក្នុងពន្ធនាគារដ្ឋាន ខណៈដែលក្មេងប្រុសមានអាយុ១៤ឆ្នំាម្នាក់ បានឃើញហេតុការជាក់ស្តែងនៃការធ្វើទារុណកម្មមនុស្ស ។ ចំណែកភាគីអ៊ីស្រាអ៊ែលវិញ មិនបានធ្វើអត្ថាធិប្បាយលើរឿងនេះនៅឡើយទេ។

-ចំពោះតួលេខជនរងគ្រោះចេញពីភាគីទំាងពីរវិញម្តង តាមសេចក្តីរាយការណ៍គិតត្រឹមថ្ងៃពុធនេះបានបង្ហាញថា ភាគីអ៊ីស្រាអ៊ែល បានស្លាប់ចំនួន១,២០០នាក់ និងត្រូវចាប់ខ្លួន២៤០នាក់ផ្សេងទៀត ។ ខណៈដែលក្រសួងសុខាភិបាលប៉ាឡេស្ទីន ត្រួតត្រាដោយក្រុមហាម៉ាស់បាននិយាយថា ពលរដ្ឋប៉ាឡេស្ទីនបានស្លាប់កើនឡើងដល់១៤,៥០០នាក់ហើយត្រឹមថ្ងៃនេះ ។

-ថ្លែងប្រាប់បណ្តាញផ្សព្វផ្សាយសហរដ្ឋអាមេរិកនៅព្រឹកមិញនេះ នាយកទីភ្នាក់ស៊ើបការណ៍សម្ងាត់មជ្ឈឹម ( CIA ) ដែលជាអ្នកដើរតួកណ្តាល នៅក្នុងការប្រឹងប្រែងចរចាដើម្បីឈានដល់កិច្ចព្រមព្រៀងដោះលែងចំណាប់ខ្មំាង របស់រដ្ឋបាលលោកចូបៃដិន ដែលកំពុងតែស្ថិតនៅក្នុងប្រទេសហ្គាតានោះ កំពុងតែបន្តព្យាយាមពង្រីកនូវកិច្ចព្រមព្រៀង រហូតដល់មានការដោះលែងជនឈ្លើយសឹកជាទាហានបន្ថែមទៀត នេះបើតាមប្រភពជិតស្និទ្ធនឹងក្រុមអ្នកចរចា។

-ពាក់ព័ន្ធនឹងវិស័យសុខភាពពលរដ្ឋវិញ ដោយយោងតាមអង្គការសុខភាពពិភពលោកបានលើកឡើងថា ដោយសារតែលក្ខខណ្ឌស្ថានភាពសុខភាពពលរដ្ឋ នៅក្នុងដែនដីហ្គាហ្សាមិនអំណោយផលល្អ បង្កឱ្យមានជំងឺឆ្លងជាច្រើនបណ្តាលឱ្យស្លាប់ពលរដ្ឋប៉ាឡេស្ទើនជាច្រើននាក់បន្ថែមទៀត ខណៈមន្ទីរពេទ្យទំាងឡាយមិនទាន់បានស្តារឡើងវិញនៅឡើយ ៕ ប្រភព៖ BBC/CNN