ជាចាំបាច់អ៊ុយក្រែនត្រូវបន្ត ប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយបន្ថែមទៀត ដើម្បីបំពេញលក្ខខណ្ឌចូលរួមជាមួយអឺរ៉ុប។
EU ៖ ការសរសើរចំពោះការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយរបស់ ប្រទេសអ៊ុយក្រែន ពីអនុប្រធានគណៈកម្មការអឺរ៉ុប ប៉ុន្តែបាននិយាយដែរថា អ៊ុយក្រែន ចាំបាច់ត្រូវធ្វើសកម្មភាពប្រយុទ្ធប្រឆាំងបែបនេះបន្ថែមទៀត។
គណៈកម្មការអឺរ៉ុបបានផ្តល់អនុសាសន៍ថាប្លុកសហគមន៍ដែលមានសមាជិក ២៧ ប្រទេស នៅក្នុងខែវិច្ឆិកានេះថានឹងចាប់ផ្តើមចរចាជាផ្លូវការ នៅពេលប្រទេសអ៊ុយក្រែន បានបំពេញនូវលក្ខខណ្ឌនៅសេសសល់មួយចំនួន រួមទាំងការពង្រឹងកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ក្នុងការប្រឆាំងនឹងអំពើពុករលួយ។
អនុប្រធានគណៈកម្មាការអឺរ៉ុបទទួលបន្ទុកការងារវាយតម្លៃ និងតម្លាភាព លោកស្រី វីរ៉ា ជូរ៉ូវ៉ា (Vera Jourova) ក្នុងអំឡុងពេលបំពេញទស្សនកិច្ចនៅឯរដ្ឋធានីគីវ (Kyiv) នៅថ្ងៃចន្ទកន្លងមកនេះ បានមានប្រសាសន៍ថា កិច្ចខិតខំប្រឹងប្រែងនាពេលបច្ចុប្បន្ន បានបង្ហាញអំពីភាពប្រសើរឡើងមួយកម្រិតទៀត បើធៀបនឹងឆ្នាំ ២០១៧ ដោយលោកស្រីបានបន្ថែមដែរថា ប្រជាជនអ៊ុយក្រែន “ហត់នឿយនឹងប្រទេសអ៊ុយក្រែនចាស់ ហើយពួកគេចង់បានប្រព័ន្ធថ្មីមួយនៅក្នុងប្រទេសនេះ” ។
លោកស្រី បានអះអាងបន្ថែមទៀតថា ទោះជាបែបណាក្តី អ៊ុយក្រែន មិនទាន់អាចបំពេញគ្រប់លក្ខខណ្ឌនៅឡើយទេ ដោយលោកស្រី បានលើកជាឧទាហរណ៍នៃការងារបន្ថែមចំពោះតម្រូវការ ដើម្បីសម្រេចឱ្យបាននូវប្រព័ន្ធមួយដែលប្រកបទៅដោយនិរន្តរភាព ។
លោកស្រី ជូរ៉ូវ៉ា (Jourova) ក៏បានសង្កត់ធ្ងន់ដែរថា សហភាពអឺរ៉ុប ត្រូវការ “គិតអំពីសមត្ថភាពនៅក្នុងការច្របាច់បញ្ចូលគ្នារបស់សហគមន៍យើង” នៅពេលនិយាយអំពីការចូលជាសមាជិកថ្មី និងការសម្របខ្លួននៅក្នុងប្រព័ន្ធតែមួយ។ ស្របពេលការពិភាក្សាអំពីសមាជិកភាព ត្រូវចំណាយពេលជាច្រើនឆ្នាំ ដោយសារតែបេក្ខភាពប្រទេស ត្រូវតែបំពេញតាមលក្ខណៈវិនិច្ឆ័យផ្នែកច្បាប់ និងសេដ្ឋកិច្ចយ៉ាងច្បាស់លាស់ មុនពេលចូលរួម ហើយសហភាពអឺរ៉ុបដែលបច្ចុប្បន្នមានសមាជិកចំនួន ២៧ ប្រទេស ក៏មិនទាន់ចង់បញ្ចូលប្រទេសដែលកំពុងតែមានសង្រ្គាមនោះដែរ ៕
ប្រភព៖ Reuters