ព្យុះរដូវរងាវាយប្រហារ រុស្ស៊ី និងអ៊ុយក្រែន មនុស្សជិត ២លាននាក់គ្មានអគ្គិសនីប្រើប្រាស់។
បរទេស ៖ ព្យុះសង្ឃរា និងទឹកជំនន់ដ៏ធ្ងន់ធ្ងរបានធ្វើឱ្យមនុស្សប្រហែល ១,៩លាននាក់ គ្មានថាមពលអគ្គិសនីប្រើប្រាស់នៅភាគខាងត្បូង ដោយសំដៅលើតំបន់ជាច្រើនរបស់អ៊ុយក្រែន ដែលត្រូវបានដាក់បញ្ចូលជាឧបសម្ព័ន្ធខុសច្បាប់ដោយទីក្រុងមូស្គូ បើប្រទេសរុស្ស៊ីបានលើកឡើង ។
គ្រោះមហន្តរាយដ៏អាក្រក់បំផុតគឺនៅក្នុងតំបន់ Dagestan តំបន់ Krasnodar និង តំបន់ Rostov ក៏ដូចជា តំបន់ Donetsk តំបន់ Luhansk តំបន់ Kherson តំបន់Zaporizhzhia និង Crimea យោងតាមការលើកឡើងពី ក្រសួងថាមពលរបស់រុស្ស៊ី ។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកត្រូវបានរាយការណ៍ថា មានមនុស្សយ៉ាងហោចណាស់៤នាក់ បានស្លាប់ជាប់ពាក់ព័ន្ធនឹងខ្យល់ព្យុះនោះ ។ អ៊ុយក្រែននិយាយថា ភូមិ និងទីប្រជុំជនចំនួន ២.០១៩ ទីតាំង របស់ខ្លួនពុំមានថាមពលអគ្គិសនីប្រើប្រាស់ បន្ទាប់ពីព្យុះព្រិលរដូវរងានេះ ។
ព្យុះនេះ ក៏កំពុងវាយលុកប្រទេសម៉ុលដាវី ហ្សកហ្ស៊ី និងប៊ុលហ្គារី ផងដែរ ។ នៅកំពង់ផែសមុទ្រខ្មៅ នៃទីក្រុង Sochi របស់រុស្ស៊ី គេបានមើលឃើញមានរលកធំៗ វាយបោកមាត់សមុទ្ររបស់ទីក្រុងនេះ ។
បន្ទាប់ពីព្រិលធ្លាក់ខ្លាំង នៅទីក្រុងមូស្គូ ក្រុមអាជ្ញាធរត្រូវដាក់ពង្រាយគ្រឿងចក្រជំនាញ ដើម្បីបោសសម្អាតផ្លូវនានា ។ ចំណែកឧបទ្វីប Crimea ភាគខាងត្បូងនៃប្រទេសអ៊ុយក្រែន ត្រូវបានបញ្ចូលដោយរុស្ស៊ីដោយខុសច្បាប់កាលពីឆ្នាំ ២០១៤ មន្ត្រីដែលលើកបន្តុបដោយទីក្រុងមូស្គូ បានរាយការណ៍អំពីទឹកជំនន់នៅតំបន់ឆ្នេរសមុទ្រ ។ ដើមឈើដួលរលំ និងកំទេចកំទីផ្សេងទៀត ត្រូវបានគេឃើញនៅពាសពេញតាមដងផ្លូវ នៃទីក្រុងជាច្រើន ។
ក្រសួងសគ្រាអាសន្នរុស្ស៊ី បានរាយការណ៍កាលពីថ្ងៃចន្ទទី២៧វិច្ឆិកាថាមនុស្សម្នាក់ស្លាប់ និង១០នាក់រងរបួស និងជារាប់រយនាក់ត្រូវបានជម្លៀស ៕