Black Friday ក្រុមបាតុករគាំទ្រប៉ាឡេស្ទីន ប្រមូលផ្តុំគ្នានៅទីក្រុងញូវយ៉ក ។

អាមេរិក៖ នៅទីលាន Washington ទីក្រុងញូវយ៉ក ក្រុមបាតុករគាំទ្រប៉ាឡេស្ទីន បានមកប្រមូលផ្តុំគ្នា កាល​ពី​ថ្ងៃ​សុក្រ ទី២៤ ខែវិច្ឆិកា ដើម្បីតវ៉ាប្រឆាំង​នឹងអ្វីដែលពួក​គេចាត់​ទុក​ថា​ជា​ការ​ចូល​កាន់​កាប់​ដោយ​ខុស​ច្បាប់​នៅលើដែនដីប៉ាឡេស្ទីន ។

ក្រុមជាច្រើនដូចជាចលនាយុវជនប៉ាឡេស្ទីន Al-Awda NY និងវេទិកាប្រជាជន បានមកចូលរួម​ក្នុង​បាតុកម្មនេះ។ បាតុករគាំទ្រអ៊ីស្រាអែល មានកាន់ទង់​ជាតិ​អ៊ីស្រាអែល ​ក៏​បាន​មក​បង្ហាញ​ខ្លួន​ នៅ​ទីលាន​វ៉ាស៊ីនតោននេះផងដែរ។

កាលពីថ្ងៃសុក្រ គឺជាថ្ងៃដំបូងនៃបទឈប់បាញ់ក្នុងសង្រ្គាមអំឡុងពេល​ ដែល​ក្រុម​អ្នក​ប្រយុទ្ធ​ហាម៉ាស បានដោះលែងចំណាប់ថ្នូរ ២៤នាក់ រួមមានស្ត្រី និងកុមារជនជាតិអ៊ីស្រាអែល និង​កម្មករ​កសិដ្ឋានជនជាតិថៃ។

អ៊ីស្រាអែល-ក្រុមហាម៉ាស នៅក្រោម​លក្ខខណ្ឌនៃបទឈប់បាញ់ រយៈពេលបួនថ្ងៃ ចំណាប់​ថ្នូរជាស្ត្រី និងកុមារ ៥០ នាក់ នឹងត្រូវដោះលែងក្នុងរយៈពេល ៤ ថ្ងៃ ជា​ការ​ដោះ​ដូរ​ជា​មួយ​ស្ត្រី​ និង​កុមារ​ប៉ាឡេស្ទីន ១៥០ នាក់ក្នុងចំណោមអ្នកជាប់ឃុំរាប់ពាន់នាក់ នៅក្នុងពន្ធនាគារអ៊ីស្រាអែល។

អ៊ីស្រាអែលនិយាយថា បទឈប់បាញ់អាចត្រូវបានបន្ថែមពេល ប្រសិនបើ​ចំណាប់​ថ្នូរ​កាន់​តែ​ច្រើន​ត្រូវ​បាន​ដោះលែងក្នុងអត្រា ១០នាក់ ក្នុងមួយថ្ងៃ៕