កិច្ចប្រជុំរដ្ឋមន្រ្តីរ៉ែ កម្ពុជា ធ្វើជាម្ចាស់ផ្ទះ និងកិច្ចប្រជុំពាក់ព័ន្ធ អាស៊ានលើកទី៩

ភ្នំពេញ៖  រដ្ឋមន្រ្តីក្រសួងរ៉ែ​ និងថាមពល ឯកឧត្តម កែវ​ រតនៈ​ ​ និងលោក កៅ​ គឹមហួន​ អគ្គលេខាធិការអាស៊ាន​ បានអញ្ជើញចូលរួមបើកកិច្ចប្រជុំរដ្ឋមន្រ្តីរ៉ែអាស៊ានលើក​ទី៩​ និងកិច្ចប្រជុំពាក់ព័ន្ធ​ ក្រោមមូលបទ​ “ជំរុញអាស៊ានឱ្យក្លាយទៅជាគោលដៅវិនិយោគរ៉ែប្រកបដោយចីរភាព” ដោយមា​នការចូលរួមពីបណ្តារដ្ឋមន្រ្តីរ៉ែអាស៊ាន​ រដ្ឋមន្រ្តីរ៉ែ​ទីម័រខាងកើតជាអ្នកតាមដាន លេខាធិការដ្ឋានអាស៊ាន ដៃគូសន្ទនា​ និងអង្គការអន្តរជាតិមួយចំនួនទៀត ។

កិច្ចប្រជុំនេះប្រព្រឹត្តនៅសណ្ឋាគារសុខាភ្នំពេញ អស់រយះពេល​ ៣ថ្ងៃ​ ចាប់ពីថ្ងៃទី២១​ ដល់២៣​ ខែវិច្ឆិកា​ ឆ្នាំ២០២៣​ ។

ជាលទ្ធផល​ អង្គប្រជុំបានអនុម័តលើឯកសារមួយចំនួន​ដើម្បី ជាផែនទីបង្ហាញផ្លូវក្នុងកិច្ចសហប្រតិបត្តិការរ៉ែអាស៊ាន​ ក៏ដូចជាសក្ខីភាពក្នុងការតាំងចិត្ត រួមគ្នាសំដៅលើកកម្ពស់ការអភិវឌ្ឍវិស័យរ៉ែអាស៊ាន​ ដែលមានដូចខាងក្រោម៖

១-​ សេចក្តីប្រកាសព័ត៌មានរួមស្តីពីលទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្រ្តីរ៉ែអាស៊ាន​ លើកទី៩

២-សេចក្តីប្រកាសស្តីពីការជំរុញអាស៊ានឱ្យក្លាយទៅជាគោលដៅវិនិយោគរ៉ែប្រកបដោយចីរភាព

៣-ឯកសារយុទ្ធសាស្រ្តស្តីពីការស្វែករុករករ៉ែអាស៊ាន​ (ចេញផ្សាយលើកទី១​ ឆ្នាំ២០២៣)

៤-ឯកសារគោលការណ៍ របស់អាស៊ានលើការអភិវឌ្ឍវិស័យរ៉ែប្រកបដោយចីរភាព

៥-​ឯកសារសិក្សាលើខ្សែចង្វាក់តម្លៃរ៉ែសំខាន់ ដើម្បីការផ្លាស់ប្តូរតំបន់អាស៊ានឆ្ពោះទៅអនាគត ដែលបញ្ចេញកាបូនទាប។
៦-ឯកសារសិក្សាលើ ទស្សនវិស័យនៃការអភិវឌ្ឍកិច្ចសហប្រតិបត្តិការរ៉ែអាស៊ាន៕