បាក់ឌុបឆ្នាំ២០២៣ ខេត្តកណ្តាលសិស្សប្រឡងជាប់ ៧៦.៤៧% ខណៈនិទ្ទេស A ១៤៨ នាក់
កណ្ដាល ៖ នាល្ងាចថ្ងៃទី២៣ ខែវិច្ឆិកានេះ ដូចការគ្រោងទុកក្រសួងអប់រំយុវជន និងកីឡា នៅតាមបណ្តាមណ្ឌលប្រឡងទាំងអស់ នៅទូទាំងខេត្តកណ្តាល គឺបានបិទប្រកាសលទ្ធផលការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលបានធ្វើឡើងនៅថ្ងៃទី ៦ និងថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ ក្នុងនោះខេត្តកណ្តាលសិស្សប្រមាណ ៧៦.៤៧% ប្រឡងជាប់បាក់ឌុបក្នុងឆ្នាំ២០២៣។
ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តកណ្តាល លោក ចេង សំអ៊ុល បានឲ្យដឹងថា នៅទូទាំងខេត្តកណ្តាលមានមណ្ឌលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចំនួន ១៧មណ្ឌល ស្មើនឹង ៤៣៨បន្ទប់ ដែលស្ថិតនៅក្រុង/ស្រុក ចំនួន៤ រួមមាន៖ ១ ក្រុងតាខ្មៅ មានចំនួន ៩មណ្ឌល ២ ស្រុកស្អាង មានចំនួន ២មណ្ឌល ៣-ស្រុកកណ្ដាលស្ទឹង មានចំនួន ៣មណ្ឌល និងទី ៤-ស្រុកកៀនស្វាយ មានចំនួន ៣មណ្ឌល សរុបបេក្ខជន បេក្ខនារី ក្នុងឆ្នាំសិក្សា២០២២-២០២៣ មានបេក្ខជន ចូលប្រឡងជាក់ស្តែងមានចំនួន ១ម៉ឺន៦៧៩នាក់ ជាលទ្ធផលបេក្ខជន បេក្ខនារីប្រឡងជាប់ ចំនួន ៨ ១៦៧នាក់ ស្រី ៤ ៧៧៣នាក់ ស្មើនឹង ៧៦,៤៧% ក្នុងនោះ និទ្ទេស A មានចំនួន ១៤៨ នាក់។
សិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៣ បានបង្ហាញក្ដីសប្បាយរីករាយ ចំពោះលទ្ធផល និងនិទ្ទេសដែលគេទទួលបាន ពីព្រោះថា ការប្រឡងឆ្នាំនេះ ពួកគេបានខិតខំធ្វើអស់ពីសមត្ថភាព ខណៈនៅក្នុងការប្រឡង មានការត្រួតពិនិត្យតឹងរឹង និងផ្តល់ភាពយុត្តិធម៌ ត្រឹមត្រូវ តម្លាភាព ផ្តល់ស្មើៗភាពគ្នាពីក្រុមយុវជនស្ម័គ្រចិត្ត និងមន្ត្រីនៃអង្គភាពប្រឆាំងអំពើពុករលួយនៅគ្រប់បន្ទប់ប្រឡងទាំងអស់។
យោងតាមសេចក្តីប្រកាសព័ត៌មានក្រសួងអប់រំយុវជន និងកីឡា នៅក្នុងឆ្នាំសិក្សា ២០២៣នេះ មាន បេក្ខជនប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ មានចំនួនសរុប ៩ ម៉ឺន៨ ៤៦០ នាក់ ត្រូវជា ៧២.៨៩ ភាគរយនៃចំនួនបេក្ខជនមកប្រឡង ក្នុង បេក្ខជនជាប់និទ្ទេស A ចំនួន ១៦៧៣ នាក់, និទ្ទេស B ចំនួន ៦៩៦៤ នាក់ ៕