កម្ពុជា និងជប៉ុនរៀបចំកិច្ចពិគ្រោះយោបល់ថ្នាក់ឧត្តមមន្ត្រីលើកទី១ ដើម្បីពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ
ភ្នំពេញ ៖ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា លោកជំទាវ ទួត បញ្ញា និងឯកឧត្តម ហ្វឺណាកុហ្សឺ តាកហិរូ (FUNAKOSHI Takehiro) អនុរដ្ឋមន្ដ្រីការបរទេស នៃប្រទេសជប៉ុន បានធ្វើជាសហប្រធានដឹកនាំកិច្ច ពិគ្រោះយោបល់ថ្នាក់ឧត្តមមន្ត្រីការបរទេស កម្ពុជា-ជប៉ុន លើកទី១ នៅទីក្រុងតូក្យូ នាថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ ។ កិច្ចពិភាក្សានេះត្រូវបានរៀបចំ ឡើងស្របពេលដែលប្រទេសទាំងពីរកំពុងប្រារព្ធខួបលើកទី៧០ នៃទំនាក់ទំនងការទូត។
ភាគីទាំងពីរបានយល់ស្របគ្នាថា ទំនាក់ទំនងកម្ពុជា-ជប៉ុនបានរីកចម្រើនកាន់តែខ្លាំង ដែលឈានដល់កម្រិតថ្មីជាមួយនឹងការដំឡើងកម្រិតទំនាក់ទំនងទ្វេភាគី ទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ នៅដើមឆ្នាំនេះ ភាគីទាំងពីរបានពិភាក្សាអំពីមធ្យោបាយ ដើម្បីជំរុញបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការ ដែលផ្ដល់ផលប្រយោជន៍ទៅវិញទៅមកលើវិស័យសំខាន់ៗ រួមមាន នយោបាយ សេដ្ឋកិច្ច ការពារជាតិ និងសន្តិសុខ ការអភិវឌ្ឍឌីជីថល ចំណងររវាងប្រជាជន និងប្រជាជន ជាដើម។
ភាគីទាំងពីរបានកត់សម្គាល់ដោយពេញចិត្ត ចំពោះការផ្លាស់ប្តូរទស្សនកិច្ច និងការប្រាស្រ័យទាក់ទងកម្រិតខ្ពស់ជាញឹកញាប់រវាងប្រទេសទាំងពីរ ជាពិសេសជំនួបកំពូលរវាងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងឯកឧត្តម គីស៊ីដា ហ៊្វីមីអូ នាយករដ្ឋមន្ត្រីជប៉ុននាពេលថ្មីៗនេះ។ ជំនួបកំពូលបានរួមចំណែកដល់ការបង្កើនជំនឿទុកចិត្តគ្នាទៅវិញទៅមក និងពង្រីកទំនាក់ទំនងទ្វេភាគីបន្ថែមទៀត។
ភាគីទាំងពីរបានបង្ហាញការពេញចិត្តចំពោះស្ថានភាពនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចក្នុងពេលបច្ចុប្បន្ន ជាពិសេសស្ថិរភាពនៃពាណិជ្ជកម្មទ្វេភាគី និងវិនិយោគដ៏ច្រើនរបស់ជប៉ុននៅកម្ពុជា។ ភាគីទាំងពីរក៏បានពិភាក្សាអំពីមធ្យោបាយជំរុញពាណិជ្ជកម្មទ្វេភាគី និងទាក់ទាញវិនិយោគជប៉ុនមកកាងបឱ្យកាន់តែច្រើនថែមទៀត។
ភាគីកម្ពុជាបានបញ្ជាក់ជាថ្មីនូវអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានរួម ចំណែកយ៉ាងសំខាន់ដល់ដំណើរការសន្តិភាពនៅកម្ពុជា ព្រមទាំងការគាំទ្រ និងជំនួយមិនអាចកាត់ថ្ល បានសម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ដោយកម្ពុជាជាដៃគូដ៏សំខាន់មួយរបស់ជប៉ុនក្នុងកិច្ច សហប្រតិបត្តិការអភិវឌ្ឍ ភាគីជប៉ុនបានបញ្ជាក់សាជាថ្មីពីការប្តេជ្ញាចិត្តក្នុងការបន្តគាំទ្រកិច្ចប្រឹងប្រែងរបស់ រាជរដ្ឋាភិបាលកម្ពុជា ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់កម្ពុជា និងគោល នយោបាយជំនួយអភិវឌ្ឍន៍ផ្លូវការរបស់ជប៉ុន។
បន្ថែមពីលើនេះ ភាគីទាំងពីរបានឯកភាពពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការពហុភាគី ក្រោមក្របខ័ណ្ឌទំនាក់ទំនងអាស៊ាន-ជប៉ុន និងកិច្ចសហប្រតិបត្តិការមេគង្គ-ជប៉ុន។ ភាគីទាំងពីរក៏បាន ផ្លាស់ប្តូរទស្សនៈទូលំទូលាយលើបញ្ហាតំបន់ និងអន្តរជាតិដែលជាក្តីបារម្ភ និងផលប្រយោជន៍រួម។ ភាគីជប៉ុនបានថ្លែងអំណរគុណចំពោះការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការធ្វើការយ៉ាងជិតស្និទ្ធ ជាមួយប្រទេសសមាជិកអាស៊ាន និងជប៉ុន ដើម្បីធានាឱ្យបានជោគជ័យនៃកិច្ចប្រជុំកំពូលរំលឹកខួប អនុស្សាវរីយ៍អាស៊ាន-ជប៉ុន ក្នុងឱកាសខួបលើកទី៥០ នៃមិត្តភាព និងកិច្ចសហប្រតិបត្តិការអាស៊ាន- ជប៉ុន ព្រមទាំងទន្ទឹងរង់ចាំស្វាគមន៍សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមក្នុងប្រជុំនេះ និងមាន ជំនួបកំពូលទ្វេភាគីជាមួយឯកឧត្តមនាយករដ្ឋមន្ត្រី គីស៊ីដា។
នាថ្ងៃទី២១ ខែវិច្ឆិកា លោកជំទាវ ទួត បញ្ញា បានជួបពិភាក្សាដាច់ដោយឡែកជាមួយ ឯកឧត្តម បុរី អីវ៉ាអុ (HORIIIwão) អនុរដ្ឋមន្ត្រីទី១ នៃក្រសួងការបរទេសជប៉ុន។ ភាគីទាំងពីរបានពិភាក្សា ប្រកបដោយផ្លែផ្កាលើការពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាពដ៏ល្អប្រសើរ និងកិច្ចសហប្រតិបត្តិការពហុ វិស័យ ក្រោមក្របខ័ណ្ឌទ្វេភាគី និងពហុភាគី។
ភាគីកម្ពុជាបានថ្លែងអំណរគុណភាគីជប៉ុនចំពោះការស្វាគមន៍យ៉ាងកក់ក្តៅ និងការរៀបចំយ៉ាងល្អ ប្រសើរនូវកិច្ចពិគ្រោះយោបល់ថ្នាក់ឧត្តមមន្រ្តី លើកទី១ នេះ។ ភាគីទាំងពីរបានឯកភាពគ្នារៀបចំកិច្ច ពិគ្រោះយោបល់ថ្នាក់ឧត្តមមន្ត្រី លើកទី២ នៅកម្ពុជា នៅឆ្នាំ២០២៤ តាមកាលបរិច្ឆេទដែលសមស្រប សម្រាប់ភាគីទាំងពីរ៕