សម្ដេចធិបតីមានប្រសាសន៍ថា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន កម្ពុជាកសាងបានមូលដ្ឋានគ្រឹះសេដ្ឋកិច្ចរឹងមាំ
ភ្នំពេញ ៖ ប្រទេសកម្ពុជា ក្នុងរយៈកាលជាងពីរទសវត្សរ៍ចុងក្រោយនេះ ផ្ដើមចេញពីនយោបាយឈ្នះ ឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្ដីនៃកម្ពុជា កម្ពុជាកសាងបាននូវមូលដ្ឋានគ្រឹះសេដ្ឋកិច្ចរឹងមាំសម្រាប់ការអភិវឌ្ឍ ដោយប្រកាន់យកប្រព័ន្ធសេដ្ឋកិច្ចទីផ្សារ តាមប្រសាស៍លើកឡើងពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា ។
ក្នុងឱកាស អញ្ជើញជាអធិបតីក្នុងសន្និសីទចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ២០២៣ សម្ដេចធិបតី មានប្រសាសន៍ក្នុងការរៀបចំឡើងនៅសណ្ឋាគារសុខា នាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះថា សន្និសីទនេះគឺជាវេទិកាដ៏សំខាន់។ ដោយសារប្រធានបទឆ្នាំនេះ ផ្ដោតលើការគិតគូរ ពីដំណើរការរបស់កម្ពុជា ឆ្ពោះទៅឆ្នាំ ២០៣០ និងឆ្នាំបន្តបន្ទាប់ វត្តមានរបស់អ្នកពាក់ព័ន្ធចូលរួមក្នុងវេទិកាក្នុងថ្ងៃនេះ បានបង្ហាញពីការផ្ដេជ្ញាចិត្តខ្ពស់ ក្នុងស្មារតីរួមចំណែក និងសហការគូសវាស់ តម្រង់ទិស និងកំណត់ជោគវាសនាកម្ពុជា ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការគិតគូរទៅអនាគតចាំបាច់ត្រូវឈរលើមូលដ្ឋានសមិទ្ធផលដែលសម្រេចបាននាពេលកន្លងមក ពោលគឺការគិតពីអនាគតកាន់តែឆ្ងាយទៅមុខ ចាំបាច់ត្រូវពិនិត្យមើលអតីតកាល ដើម្បីឱ្យមានមូលដ្ឋានគ្រប់គ្រាន់។
សម្ដេចធិបតី បានរម្លឹកឡើងថា ក្នុងរយៈកាលជាងពីរទសវត្សរ៍ចុងក្រោយនេះ ផ្ដើមចេញពីនយោបាយឈ្នះ ឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្ដីនៃកម្ពុជា កម្ពុជាកសាងបាននូវមូលដ្ឋានគ្រឹះសេដ្ឋកិច្ចរឹងមាំ សម្រាប់ការអភិវឌ្ឍដោយប្រកាន់យកប្រព័ន្ធសេដ្ឋកិច្ចទីផ្សារ តាមរយៈ ទី១ ការបើកចំហរ ការធ្វើពាណិជ្ជកម្មអន្តរជាតិឈរលើគោលការណ៍ពហុភាគីនិយម។ ទី២ ការជំរុញ ទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស ដើម្បីជាមូលដ្ឋានកសាងជន្ទល់ថ្មីៗ សម្រាប់ទ្រទ្រង់កំណើនសេដ្ឋកិច្ច។ ទី៣ ការពង្រឹង និងការស្ដារហេដ្ឋារចនាសម្ព័ន្ធរឹង ដូចជាផ្លូវថ្នល់ ទឹក និងភ្លើង ដើម្បីលើកកម្ពស់ការតភ្ជាប់ សម្រួលការចល័តធនធាន និងកម្លាំងពលកម្ម ក៏ដូចជាពង្រាយមូលដ្ឋានផលិតកម្ម។ ទី៤ ការបន្តអភិវឌ្ឍន៍ និងការលើកកម្ពស់មូលធនមនុស្ស ដើម្បីចូលរួមនៅក្នុងសកម្មភាពសេដ្ឋកិច្ច និងបង្កើនផលិតភាព និងទី៧ ការកែទម្រង់ស្ថាប័ន និងអភិបាលកិច្ចជាប្រចាំ ដើម្បីធានាប្រសិទ្ធភាពនៃការគ្រប់គ្រងប្រព័ន្ធនយោបាយ និងសេដ្ឋកិច្ច រួមទាំងប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ និងប្រព័ន្ធធនាគារឱ្យមានប្រសិទ្ធភាព និងស័ក្ដិសិទ្ធិភាពព្រមទាំងបែងចែកឱ្យមានផ្លែផ្កា កំណើន ឱ្យមានសមធម៌ និងបរិយាបន្ន។
សម្ដេចធិបតី បានបញ្ជាក់ថា ជាលទ្ធផលកម្ពុជាសម្រចបាន កំណើនសេដ្ឋកិច្ចរឹងមាំប្រកបដោយចីរភាព ក្នុងអត្រាជាមធ្យមប្រមាណ ៧% ក្នុងមួយឆ្នាំសម្រាប់រយៈពេលជាង ២ ទសវត្សរ៍កន្លងមក ដែលនាំឱ្យកម្ពុជាសម្រេចបានក្នុងឋានជាប្រទេសមានចំណូលមធ្យមកម្រិតទាបក្នុងឆ្នាំ ២០១៥ ដោយទំហំផលិតផលក្នុងស្រុកកើនឡើងប្រមាណ ១០ ដង ពីប្រមាណ ៣,១១ ប៊ីលលានដុល្លារអាមេរិកក្នុងឆ្នាំ ១៩៩៨ ដល់ ២៩,៦០ ប៊ីលលានដុល្លារអាមេរិក ក្នុងឆ្នាំ ២០២២។
ចំណែក ផលិតផលក្នុងស្រុកសរុប (ផ.ស.ស) សម្រាប់មនុស្សម្នាក់បានកើនឡើងរហូត ៧ ដង គឺប្រមាណ ២៥៣ ដុល្លារ ក្នុងឆ្នាំ ១៩៩៨ ដល់ប្រមាណ ១៧៨៤ ដុល្លារ នៅក្នុងឆ្នាំ ២០២២។ អត្រាភាពក្រីក្រធ្លាក់ចុះក្រោម ១០ ភាគរយ នៅមុនវិបត្តិជំងឺកូវីដ-១៩ និងគម្លាតវិសមភាពសង្គមកាន់តែរួញតូច ហើយរចនាសម្ព័ន្ធសេដ្ឋកិច្ចកម្ពុជាបានផ្ដាស់ប្ដូរពីសេដ្ឋកិច្ចពឹងផ្អែកជាចំបងលើកសិកម្មប្រពៃណី ទៅជាសេដ្ឋកិច្ចពឹងលើឧស្សាហកម្ម និងសេវាកម្ម ដែលមានតម្លៃបន្ថែមខ្ពស់ជាង៕