បទឈប់បាញ់ជិតចូលជាធរមាន តែផ្សែង និងធូលីបានហុយពីលើព្រំដែន ហ្កាហ្សា អ៊ីស្រាអែល
បរទេស ៖ លើមេឃឆ្លងកាត់ព្រំដែនហ្កាហ្សា-អ៊ីស្រាអែល សំណុំធូលី និងផ្សែងបានហុយឡើងទៅ នៅថ្ងៃពុធនេះ ខណៈអ៊ីស្រាអែល និងហាម៉ាស បានឯកភាពលើបទឈប់បាញ់មានរយៈពេលយ៉ាងហោចណាស់៤ថ្ងៃ ដើម្បីអនុញ្ញាតឲ្យដឹកជំនួយចូល និងដោះលែងចំណាប់ថ្នូរយ៉ាងហោចណាស់៥០នាក់ ។
ដោយរង់ចាំការចាប់ផ្តើមដំណើរការបទឈប់បាញ់នេះ ពុំមានភាពធូរស្រាលនៃការប្រយុទ្ធគ្នាឡើយ ហើយយោធាអ៊ីស្រាអែល បានផ្សព្វផ្សាយវីដេអូពីទាហានរបស់ខ្លួន កំពុងបាញ់នៅតាមផ្លូវតូចៗ និងបាននិយាយថា ខ្លួនទើបតែ បានវាយប្រហាតាមអាកាសថ្មីៗនេះដែរ ។
ការិយាល័យរបស់នាយករដ្ឋមន្រ្ដីអ៊ីស្រាអែល បេនចាមីន ណេតាន់យ៉ាហ៊ូ បានចេញសេចក្ដីថ្លែងការមួយ ដោយបាននិយាយថា ស្រ្ដី និងក្មេងចំនួន៥០នាក់ នឹងត្រូវដោះលែងនៅរយៈពេល៤ថ្ងៃ ក្នុងចំនួនយ៉ាងហោចណាស់១០នាក់ក្នុង១ថ្ងៃ ។ ជាងនេះទៀត បទឈប់បាញ់អាចនឹងត្រូវបន្ដ ដរាបណា ចំណាប់ថ្នូរ១០នាក់បន្ថែម ត្រូវបានដោះលែងក្នុងរយៈពេល១ថ្ងៃ ។
ក្រុមហាម៉ាស បានថ្លែងថា ចំណាប់ថ្នូរ៥០នាក់ដំបូង នឹងត្រូវដោះលែង ជាថ្នូរនឹងស្រ្ដី និងកុមារប៉ាឡេស្ទីន១៥០នាក់ ដែលកំពុងជាប់ពន្ធនាគារក្នុងប្រទេសអ៊ីស្រាអែលនោះ៕