ការពិភាក្សាបន្ថែម លើគម្រោងបង្កើតមជ្ឈមណ្ឌលគ្រប់គ្រងបច្ចេកវិទ្យាអាស៊ាន ដើម្បីផ្ទេរបច្ចេកវិទ្យាដល់គ្នា

ភ្នំពេញ៖ កំពុងធ្វើការពិភាក្សាបន្ថែមទៀត ទៅលើគម្រោងបង្កើត មជ្ឈមណ្ឌលគ្រប់គ្រងបច្ចេកវិទ្យាអាស៊ាន ដែលប្រទេសជាសមាជិកអាស៊ាន មានគោលដៅជំរុញការផ្ទេរនូវបច្ចេកវិទ្យា នៅក្នុងតំបន់អាស៊ាន តាមរយៈការបង្កើតថ្នាលឌីជីថល ASEAN TMH ដែលមានមុខងារចម្បងលើការផ្គូរផ្គងភាគី ស្វែងរកបច្ចេកវិទ្យា និងភាគីបង្កើតបច្ចេកវិទ្យា ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍសេដ្ឋកិច្ចនៅក្នុងតំបន់ ។

នាថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ គណៈកម្មាធិការអាស៊ានផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍របស់កម្ពុជា (COSTI កម្ពុជា) សហការជាមួយ COSTI ឥណ្ឌូនេស៊ី និងលេខាធិការដ្ឋានអាស៊ានផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាដោយមានការគាំទ្រពីកម្មវិធី E-READI របស់សហភាពអឺរ៉ុប ( EU) រៀបចំសិក្ខាសាលាពិគ្រោះយោបល់ អាស៊ាន-អឺរ៉ុប លើកទី៣ ស្តីពី គម្រោងមជ្ឈមណ្ឌល គ្រប់គ្រងបច្ចេកវិទ្យាអាស៊ាន មានការអញ្ជើញចូលរួមពីឯកឧត្តម ហែម វណ្ឌឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឯកឧត្តម Igor Driesmans ឯកអគ្គរដ្ឋទូតEUប្រចាំកម្ពុជា និងភាគីពាក់ព័ន្ធ នៃប្រទេសសមាជិកអាស៊ាន ។

សិក្ខាសាលានេះ ធ្វើឡើងដើម្បីពិភាក្សាសេចក្តីព្រាង ឯកសារទស្សនៈទាន សម្រាប់ការបង្កើតថ្នាលឌីជីថល របស់មជ្ឈមណ្ឌលគ្រប់គ្រងបច្ចេកវិទ្យាអាស៊ាន បានសិក្សាពីបទពិសោធន៍លើការផ្ទេរបច្ចេកវិទ្យា ពីប្រទេសសមាជិកអាស៊ាន, ពិភាក្សាអំពីនីតិវិធី ដែលមានសក្តានុពលភាពក្នុងការផ្ទេរបច្ចេកវិទ្យា សម្រាប់ជាការសាកល្បង ក្នុងគម្រោងមជ្ឈមណ្ឌលគ្រប់គ្រងបច្ចេកវិទ្យាអាស៊ាន ពិភាក្សាពីវិធីសាស្រ្តក្នុងការភ្ជាប់ថ្នាល ឬប្រព័ន្ធផ្ទេរបច្ចកវិទ្យាជាតិដែលមានស្រាប់ទៅកាន់ថ្នាលឌីជីថល ពង្រឹងទំនាក់ទំនងរវាងភាគីពាក់ព័ន្ធក្នុងការផ្ទេរបច្ចេកវិទ្យា ទាំងពីប្រទេសអាស៊ាន និងអឺរ៉ុប ដើម្បីស្វែងយល់ពីគ្នាទៅវិញទៅមក និងពង្រឹងទំនាក់ទំនងជាមូលដ្ឋាន លើការកំណត់អត្តសញ្ញាណ នាពេលអនាគត ចំពោះសក្តានុពល និងឱកាសសម្រាប់កិច្ចសហប្រតិបត្តិការ ។

ឯកឧត្តម ហែម វណ្ឌឌី មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាបានត្រៀមខ្លួនជាស្រេច ធ្វើការរួមគ្នាជាមួយនឹងប្រទេសជាសមាជិកអាស៊ាន និងដៃគូសន្ទនា ដើម្បីដោះស្រាយបញ្ហារួម និងទាញយកអត្ថប្រយោជន៍ ពីការប្រើប្រាស់សក្តានុពល នៃវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ខណៈបច្ចុប្បន្ន កម្ពុជាបានសហការជាមួយកម្មវិធី E-READI សម្រាប់ការគាំទ្រក្នុងការរៀបចំរចនាសម្ព័ន្ធទិន្នន័យ ឱ្យសមស្របតាមតម្រូវការរបស់ប្រទេសសមាជិកអាស៊ាន ។

សូមបញ្ជាក់ថា កម្ពុជាបានបង្កើត និងដាក់ឱ្យប្រើប្រាស់នូវឯកសារគោលនយោបាយ ពាក់ព័ន្ធមួយចំនួន រួមទាំងគោលនយោបាយជាតិស្តីពី វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឆ្នាំ២០២០-២០៣០, ផែនទីបង្ហាញផ្លូវវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍កម្ពុជា ឆ្នាំ២០៣០, របៀបវារៈស្រាវជ្រាវជាតិ ២០២៥, ផែនទីបង្ហាញផ្លូវបច្ចេកវិទ្យា និងឯកសារផ្សេងទៀត ដើម្បីទាញបាននូវសក្តានុពលពេញលេញ នៃវិស័យវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ហើយគំនិតផ្តួចផ្តើមទាំងនេះ មានភាពប្រទាក់ក្រឡាគ្នា ជាមួយនឹងផែនការសកម្មភាពអាស៊ានលើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ២០១៥-២០២៥ ក្នុងគោលបំណង ពិភាក្សាលើសេចក្តីព្រាងឯកសារទស្សនៈទាន សម្រាប់ការបង្កើតថ្នាលឌីជីថល របស់មជ្ឈមណ្ឌលគ្រប់គ្រងបច្ចេកវិទ្យាអាស៊ាន ៕