រដ្ឋសភានីតិកាលទី៧ នឹងបើកសម័យប្រជុំដំបូង និងលើកទី១នៅព្រឹកស្អែកនេះ

ភ្នំពេញ៖ នៅវេលាម៉ោង ៨:០០ ព្រឹក ថ្ងៃទី២១ និងថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣នេះ រដ្ឋសភានីតិកាលទី៧នឹងបើកសម័យប្រជុំដំបូង និងសម័យប្រជុំលើកទី១របស់ខ្លួន ក្រោមព្រះរាជអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណាព្រះបាទ សម្ដេចព្រះ បរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភា។

បើតាមយោងតាមសេចក្ដីជូនដំណឹង ក្នុងពិធីដ៏មហាឡោរឹក និងជាប្រវត្តិសាស្ត្រនេះ ឥស្សរជនជាន់ខ្ពស់ អង្គទូត ប្រចាំព្រះរាជាណាចក្រកម្ពុជា និងតំណាងអង្គការក្រៅរដ្ឋាភិបាលមួយចំនួន ក៏ត្រូវបានអញ្ជើញចូលរួមជាកិត្តិយសផងដែរ។

បន្ទាប់ពីពិធីបើកសម័យប្រជុំដំបូងខាងលើនេះ សម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៧ នឹងផ្ដើមការងារក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ព្រឹទ្ធសមាជិករដ្ឋសភា ដើម្បី៖ ១-សម្រេចអំពីសុពលភាពនៃអាណត្តិរបស់សមាជិកនីមួយៗ និង ២-អនុម័តបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភានីតិកាលទី ៧។

អគ្គលេខាធិការដ្ឋានរដ្ឋសភា បញ្ជាក់ថា នៅថ្ងៃទី២២ ខែ សីហា ឆ្នាំ២០២៣ វេលាម៉ោង ៨:០០ ព្រឹក សម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៧ នៃរដ្ឋសភា នឹងបន្តដើម្បីធ្វើការបោះឆ្នោតជ្រើសតាំង ប្រធាន អនុប្រធានរដ្ឋសភា ប្រធាន អនុប្រធានគណៈគណៈកម្មការជំនាញទាំងអស់នៃរដ្ឋសភា និងផ្ដល់សេចក្ដី ទុកចិត្តចំពោះរាជរដ្ឋាភិបាល។

បើយោងតាមកិច្ចប្រជុំដឹកនាំដោយលោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី និងឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប នៅវិមានរដ្ឋសភាកាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ ពិនិត្យលើវឌ្ឍនភាពការងារត្រៀមរៀបចំបើកសម័យប្រជុំលើកដំបូងរបស់រដ្ឋសភា នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ស្អែកនេះ គឺរដ្ឋសភាត្រៀមរួចរាល់សម្រាប់រៀបចំបើកសម័យនេះ។

ក្នុងកិច្ចប្រជុំនាពេលនេះ ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា អមដោយអគ្គលេខាធិការរង អគ្គនាយក និងនាយកដ្ឋានជំនាញចំណុះអគ្គលេខាធិការដ្ឋានរដ្ឋសភា បានធ្វើសេចក្តីរាយការណ៍លម្អិតអំពីការងារពាក់ព័ន្ធនឹងនីតិវិធីដំណើរការនៃការបើកសម័យប្រជុំដំបូង នីតិកាលទី៧ នៃរដ្ឋសភា ការងារពិធីការ ការការពារសន្តិសុខ សុវត្ថិភាព ការងារសម្របសម្រួលអ្នកសារព័ត៌មាន និងការងារជាច្រើនផ្សេងទៀត។

អគ្គលេខាធិការដ្ឋានរដ្ឋសភា បញ្ជាក់ថា៖«ជាលទ្ធផល មកទល់ពេលនេះ ដំណើរការនៃការត្រៀមរៀបចំបើកសម័យប្រជុំលើកដំបូងរបស់រដ្ឋសភា បាននិងកំពុងប្រព្រឹត្តទៅដោយរលូន និងបានត្រៀមរួចជាស្រេចចំពោះការងារក្នុងអំឡុងពេលព្រឹត្តិការណ៍នាថ្ងៃបើកកិច្ចប្រជុំនោះ»៕