ការចុះកិច្ចព្រមព្រៀងផ្លាស់ប្ដូររូបិយប័ណ្ណ រវាងចិន និងអារ៉ាប៊ីសាអ៊ូឌីត

ចិន ៖ បើតាមការឲ្យដឹងកាលពីថ្ងៃចន្ទ ទី២០ ខែវិច្ឆិកា ពីធនាគារកណ្តាលចិន (PBC)ថា ធនាគារនៃប្រជាជនចិន និងធនាគារកណ្តាលរបស់ ប្រទេសអារ៉ាប៊ីសាអ៊ូឌីត បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្លាស់ប្តូរ រូបិយប័ណ្ណទ្វេភាគី ។

នៅលើគេហទំព័រផ្លូវការរបស់ខ្លួន ធនាគារកណ្តាល សម្រាប់សេចក្តីថ្លែងការណ៍បានប្រាប់ថា តម្លៃសរុបនៃកិច្ចព្រមព្រៀងផ្លាស់ប្តូររូបិយប័ណ្ណនេះ គឺ ៥០ពាន់លានយ័ន (ប្រហែល ៧.០៥ពាន់លានដុល្លារ) ឬ ២៦ពាន់លានរីយ៉ាល់សាអ៊ូឌីត ។ កិច្ចព្រមព្រៀងនេះ មានសុពលភាពរយៈពេល ៣ឆ្នាំ ហើយអាចបន្តបន្ថែមរយៈពេលបានតាមការយល់ព្រមពីភាគីទាំងសងខាង ។

សេចក្តីថ្លែងការណ៍បានបន្ថែមថា កិច្ចព្រមព្រៀងផ្លាស់ប្តូររូបិយប័ណ្ណនេះ នឹងជួយពង្រឹងកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុ រវាងប្រទេសចិន និងអារ៉ាប៊ីសាអ៊ូឌីត ពង្រីកការប្រើប្រាស់រូបិយប័ណ្ណរបស់ប្រទេសទាំង២ និងលើកកម្ពស់ការសម្របសម្រួលពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគី ៕