ជោគជ័យជាលើកដំបូង ស្រឡាងអគ្គិសនីហោះ រត់លើផ្ទៃទឹក
ស៊ុយអែត៖ នៅទីក្រុងស្តុកខុល ស្រឡាងស្លាបក្រោមទឹកអគ្គិសនី P-12 របស់ Candela ធ្វើដំណើរលើផ្ទៃទឹកជាលើកដំបូងដោយជោគជ័យ ។
ស្រឡាងដឹកអ្នកដំណើរ P-12 បំពាក់ម៉ូទ័រអគ្គិសនី និងមានស្លាបចំនួនបី ដែលជួយលើកដងខ្លួនរបស់ស្រឡាងឡើងផុតពីផ្ទៃទឹក បានទទួលជោគជ័យក្នុងការរត់ជាលើកដំបូង ក្នុងល្បឿន 55 គីឡូម៉ែត្រក្នុងមួយម៉ោង យោងតាមក្រុមហ៊ុនផលិតកប៉ាល់ស្លាបក្រោមទឹក Candela របស់ប្រទេសស៊ុយអែត បានប្រកាសឲ្យដឹង ។ ក្រុមហ៊ុន Candela បានចាប់ផ្ដើមផលិត P-12 ក្នុងចំនួនច្រើន ដើម្បីរួមចំណែកបើកទំព័រថ្មីសម្រាប់គមនាគមន៍បៃតងលើផ្ទៃទឹក ។ នេះបើតាម New Atlas ចុះផ្សាយកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ។
ស្រឡាងដឹកអ្នកដំណើរស្លាបក្រោមទឹកនេះ ត្រូវបានអភិវឌ្ឍន៍ឡើងដើម្បីអាចបញ្ជាដោយមនុស្សម្នាក់ និងដំណើរការដោយកម្លាំងពីម៉ូទ័រអគ្គិសនី C-Pod ចំនួនពីរគ្រឿង ។ ស្រឡាងគំរូសម្រាប់ការផលិត ដែលមានឈ្មោះថា Zero របស់ P-12 អាចធ្វើដំណើរដល់ល្បឿន 55 គីឡូម៉ែត្រ/ម៉ោង ក្នុងរង្វង់ 16 វិនាទីដំបូង បន្ទាប់ពីបញ្ឆេះម៉ូទ័ររត់ក្នុងល្បឿន 30 គីឡូម៉ែត្រក្នុងមួយម៉ោង ។
ស្រឡាងមានដងខ្លួនពីរនេះ ងើបផុតពីផ្ទៃទឹកដោយសារស្លាបដែលនៅក្រោមផ្ទៃទឹក ធ្វើពីសរសៃកាបូន ជាមួយនឹងប្រព័ន្ធបញ្ជាអេឡិចត្រូនិច ដែលប្រើប្រាស់ទិន្នន័យពីអង្គញាណ ឬហៅថាសេនសឺរ។
P-12 មានប្រវែង 11.99 ម៉ែត្រ និងទទឹង 4.5 ម៉ែត្រ។ យានជំនិះនេះអាចដឹកអ្នកដំណើរបាន 30 នាក់។ ក្នុងស្រឡាងនេះក៏មានកន្លែងសម្រាប់ចតកង់ រទេះរុញ រទេះជនពិការ។ល។
យោងតាម Candela ស្រឡាងទីពីរនឹងដំណើរការ នៅក្នុងទីក្រុងស្តុកខុល ចាប់ពីឆ្នាំ 2024 ។ កំណែ Shuttle របស់ស្រឡាងនេះមានតម្លៃប្រហែល 1.85 លានដុល្លារអាម៉េរិក ដែលប្រហាក់ប្រហែលនឹងស្រឡាងប្រើម៉ាស៊ីនម៉ាស៊ូតដែលមានទំហំដូចគ្នា។ កំណែពាណិជ្ជកម្ម ដែលមានគ្រឿងសង្ហារិមប្រណិត នឹងអាចដឹកអ្នកដំណើរបានពី 12 ដល់ 20 នាក់។ ចំណែកកំណែ Voyager វិញ អាចកែប្រែទៅតាមហោប៉ៅ ឬសកម្មភាពពាណិជ្ជកម្ម៕