អ៊ីស្រាអ៊ែល កាត់ផ្តាច់ការទំនាក់ទំនង ពីខាងក្រៅទាំងអស់នៅតំបន់ហ្គាហ្សា ក្រុមគ្រូពេទ្យប៉ាឡេស្ទីន ព្រួយបារម្ភអំពីអាយុជីវិតអ្នកជំងឺរាប់រយនាក់ និងបុគ្គលិកពេទ្យ 

ហ្គាហ្សា៖ កាលពីថ្ងៃព្រហស្បតិ៍កន្លងមកនេះ ក្រុមគ្រូពេទ្យប៉ាឡេស្ទីន បាននិយាយថា ពួកគេមានការភ័យខ្លាចកាន់តែខ្លាំងឡើងៗ ដល់អាយុជីវិតអ្នកជំងឺរាប់រយនាក់ និងបុគ្គលិកពេទ្យនៅមន្ទីរពេទ្យដ៏ធំបំផុត នៅតំបន់ហ្គាហ្សា ដោយសារតែការកាត់ផ្តាច់ចេញពីទំនាក់ទំនងទាំងអស់ ទៅកាន់ពិភពខាងក្រៅអស់រយៈពេលជាង១ថ្ងៃបន្ទាប់ ពីកងកម្លាំងអ៊ីស្រាអ៊ែលបានចូលមកដល់ យោងតាមប្រភពពីទីភ្នាក់ងារ Reuters បានផ្សព្វផ្សាយនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ។

ខាងអ៊ីស្រាអ៊ែលបានឲ្យដឹងថា កងកុម្មង់ដូរបស់ខ្លួននៅតែកំពុងស្វែងរកតាមមន្ទីរពេទ្យ Al Shifa កាលពីថ្ងៃព្រហស្បតិ៍ ដែលការងារនេះបានធ្វើឡើងលើសពីមួយថ្ងៃ បន្ទាប់ពីពួកគេបានចូលមកដល់មូលដ្ឋានរបស់ខ្លួន ដែលជាផ្នែកមួយនៃការវាយលុករបស់អ៊ីស្រាអ៊ែល ដោយបានឲ្យដឹងថា មានគោលបំណងដើម្បីកម្ចាត់ក្រុមសកម្មប្រយុទ្ធ ហាម៉ាស់នៅក្នុងក្របខណ្ឌប៉ាឡេស្ទីន ។

ប្រទេសអ៊ីស្រាអ៊ែល ជឿជាក់ថា ទីបញ្ជាការបញ្ជាការដ្ឋានស្ថិតក្រោមដីដ៏ធំ របស់ក្រុមហាម៉ាស់កំពុងប្រតិបត្តិការនៅក្នុងផ្លូវរូងក្រោមដីនៅខាងក្រោមមន្ទីរពេទ្យនោះ ហើយកាលពីយប់ថ្ងៃព្រហស្បតិ៍ យោធាបានឲ្យដឹងថា កងទ័ពបានរកឃើញកំណាត់ផ្លូវរូងក្រោមដី និងរថយន្តដែលមានអាវុធ នៅខាងក្នុងអគារមន្ទីរពេទ្យនោះ ។

យោធាបានបញ្ជាក់ថា “នៅក្នុងមន្ទីរពេទ្យ Shifa កងទ័ព IDF បានរកឃើញកំណាត់ផ្លូវរូងក្រោមដីប្រតិបត្តិការមួយ និងរថយន្តដែលមានអាវុធមួយចំនួនធំ” ដោយប្រើប្រាស់អក្សរកាត់សម្រាប់កងកម្លាំងការពារអ៊ីស្រាអ៊ែល ។ យោធាបានបញ្ចេញខ្សែវីដេអូ និងរូបថតដែលខ្លួនបាននិយាយថា បង្ហាញផ្លូវរូងក្រោមដី និងអាវុធទាំងនោះ ។

យោធាក៏បានបញ្ជាក់ថា សាកសពស្ត្រីជនជាតិអ៊ីស្រាអ៊ែលម្នាក់ ក្នុងចំណោមចំណាប់ថ្នូរប្រហែល២៤០នាក់ ដែលខ្មាន់កាំភ្លើងក្រុមហាម៉ាស់ បានចាប់ខ្លួននៅគ្រាដែលពួកគេវាយលុកចូលទៅក្នុង តំបន់ភាគខាងត្បូងនៃប្រទេសអ៊ីស្រាអ៊ែល កាលពីថ្ងៃទី៧ ខែតុលា ត្រូវបានរកឃើញដោយទាហាននៅក្នុងអគារក្បែរមន្ទីរពេទ្យនោះ ៕