នៅប្រជុំកោះស្ប្រ៉ាតលី វៀតណាមបង្កើនការសាងកោះ ក្នុងល្បឿនដ៏លឿន

ប្រទេសវៀតណាមបាននឹងកំពុងបង្កើនការងារបូម និងចាក់ដីបំពេញ នៅប្រជុំកោះស្ប្រ៉ាតលី (Spratly) ក្នុងសមុទ្រចិនខាងត្បូង ដោយបង្កើតបានផ្ទៃដីចំនួន ៣៣០ហិកតាទៀត គិតចាប់តាំងពីខែធ្នូឆ្នាំមុន បើតាមវិទ្យាស្ថានស្រាវជ្រាវអាមេរិក បានឲ្យដឹងនៅក្នុងរបាយការណ៍មួយ ។

ការពង្រីកនេះ ដែលមានទំហំធំជាង ១២០ហិចតា ដែលប្រទេសនេះ បានបង្កើតឡើងនៅចន្លោះឆ្នាំ២០១២ និងឆ្នាំ២០២២ បានធ្វើឲ្យប្រទេសវៀតណាមនៅលំដាប់ទី២ បន្ទាប់ពីប្រទេសចិនទាក់ទងនឹងការសាងកោះ នៅក្នុងប្រជុំកោះស្ប្រ៉ាតលី ។ នេះបើយោងតាមមជ្ឈមណ្ឌលដើម្បីការសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិ (CSIS) របស់ទីក្រុងវ៉ាស៊ីនតោន ក្នុងរបាយការណ៍ នៅសប្តាហ៍នេះ ដោយដកស្រង់ពីរូបភាពផ្កាយរណប ។

ពាក់ព័ន្ធនឹងរបាយការណ៍នេះ ក្រសួងការបរទេសវៀតណាម មិនបានឆ្លើយតបភ្លាមៗនោះឡើយ ចំពោះសំណើសុំការអត្ថាធិប្បាយ ។ ប្រទេសចិនអះអាងអធិបតេយ្យ លើដែនសមុទ្រចិនខាងត្បូងដ៏ធំសម្បើម ក្នុងនោះរួមទាំងតំបន់ដែលវៀតណាម បាននឹងកំពុងសាងសង់កោះផងដែរ ។

សមុទ្រនេះ គឺជាផ្លូវទឹកមួយក្នុងចំណោមផ្លូវទឹក ដែលមានការប្រកួតប្រជែងខ្លាំងបំផុត ក្នុងពិភពលោក ដែលមានពាណិជ្ជកម្មជាង ៣ពាន់ពាន់លានដុល្លារក្នុងមួយឆ្នាំៗឆ្លងកាត់ ។ ប្រទេសចិន ប្រ៊ុយណេ ម៉ាឡេស៊ី ហ្វីលីពីន តៃវ៉ាន់ និងវៀតណាម បានដាក់ពាក្យតវ៉ា ដើម្បីទាមទារផ្នែកខ្លះ ឬទាំងអស់នៃប្រជុំកោះស្ប្រ៉ាតលី ៕