អតីតនាយករដ្ឋមន្ត្រីថៃ លោកថាក់ស៊ីន កូនស្រីថា៖ ឪពុកខ្លួន នឹងត្រឡប់ទៅប្រទេសថៃវិញ នៅថ្ងៃអង្គារ
ថៃ៖ នាថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣នេះ កូនស្រីរបស់លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ (Thaksin Shinawatra) បាននិយាយថា ឪពុករបស់ខ្លួន ដែលជាអតីតនាយករដ្ឋមន្ត្រីថៃស្វ័យនិរទេសខ្លួន គ្រោងនឹងត្រឡប់មកកាន់ប្រទេសវិញឆាប់ៗនេះ។
លោក ថាក់ស៊ីន ដែលត្រូវបានយោធាថៃទម្លាក់ចេញពីអំណាច ក្នុងរដ្ឋប្រហារឆ្នាំ២០០៦ អាចប្រឈមនឹងការចាប់ខ្លួន និងការជាប់ពន្ធនាគាររហូតដល់ ១០ឆ្នាំ បន្ទាប់ពីត្រូវបានកាត់ទោសជាច្រើនដង ខណៈដែលរូបលោកនៅក្រៅប្រទេស។
តែយ៉ាងណាក្ដី កូនស្រីពៅរបស់លោក គឺលោកស្រី Paetongtarn Shinawatra ( ផែថងថាន ស៊ីណាវ៉ាត់) បានសរសេរនៅលើបណ្ដាញសង្គម Twitter ថា លោកស្រីនឹងបានជួបឪពុករបស់ខ្លួននៅអាកាសយានដ្ឋាន Don Muang ( ដន មឿង) ទីក្រុងបាងកក នៅថ្ងៃអង្គារ ទី២២ ខែសីហានេះ។
ទោះបីជាបុរសវ័យ ៧៤ឆ្នាំរូបនេះ បាននិយាយជាយូរមកហើយថា លោកចង់ត្រលប់ទៅប្រទេសកំណើតវិញក៏ដោយ ក៏រូបលោកត្រូវប្រឈមមុខនឹងការផ្តន្ទាទោសព្រហ្មទណ្ឌជាច្រើនករណី ដែលលោកនិយាយថាមានហេតុផលនយោបាយ។ លោកបានពន្យារពេលការវិលត្រឡប់មកវិញ នៅដើមខែនេះ ដោយលើកហេតុផលថា ត្រូវត្រួតពិនិត្យសុខភាព។
កាលបរិច្ឆេទនៃការវិលត្រឡប់វិញនេះ កើតមានឡើងស្របគ្នានឹងការបោះឆ្នោតមួយ ដែលថា តើត្រូវផ្ដល់ការយល់ព្រមឲ្យលោក Srettha Thavisin( សេដ្ឋា ថាវីស៊ីន) មកពីគណបក្សភឿថៃ ដែលមានទំនាក់ទំនងជាមួយលោក ថាក់ស៊ីន ជានាយករដ្ឋមន្ត្រីរបស់ប្រទេសថៃដែរ ឬទេ។
គណបក្សភឿថៃ បានឈ្នះឆ្នោតលំដាប់ទី២ នៅក្នុងការបោះឆ្នោតសកលខែឧសភារបស់ប្រទេសថៃ។ គណបក្ស បាន និងកំពុងព្យាយាមបង្កើតរដ្ឋាភិបាល បន្ទាប់ពីមេដឹកនាំគណបក្សបោះជំហានទៅមុខ (Move Forward) ដែលឈ្នះការបោះឆ្នោត គឺលោក Pita Limjaroenrat បានបរាជ័យក្នុងកិច្ចប្រឹងប្រែង ដើម្បីក្លាយជានាយករដ្ឋមន្ត្រី៕