ចិន បាញ់បង្ហោះផ្កាយរណប អង្កេតមហាសមុទ្រថ្មី ដោយជោគជ័យ

ប្រទេសចិន បានបញ្ជូនផ្កាយរណបត្រួតពិនិត្យ ពណ៌ទឹកមហាសមុទ្រជំនាន់ថ្មីទៅកាន់ទីអវកាស ដើម្បីជួយធ្វើឲ្យកាន់តែប្រសើរឡើងនូវការយល់ដឹងអំពីទឹកសមុទ្រ កាលពីថ្ងៃព្រហស្បតិ៍ ទី១៦ ខែវិច្ឆិកាកន្លងមកនេះ ។

ជាផ្កាយរណបអង្កេតពណ៌ទឹកសមុទ្រ ដែលមានភាពជាក់លាក់កម្រិតខ្ពស់ដំបូងគេរបស់ពិភពលោក ដែលកំណត់គោលដៅលើផ្ទៃទឹកផ្សេងៗ ជុំវិញពិភពលោក ដោយប្រើវិធីសាស្ត្ររាវរកជាសច្រើន។

មជ្ឈមណ្ឌលអង្កេតផែនដី និងទិន្នន័យក្រោមរដ្ឋបាលអវកាសជាតិចិន បានឲ្យដឹងថា ផ្កាយរណបនេះនឹងផ្តល់សេវាកម្មចាប់សញ្ញាពីចម្ងាយ សម្រាប់ផ្លូវសមុទ្រសំខាន់ៗរបស់ប្រទេសចិន និងលើកកម្ពស់ការប្រើប្រាស់ធនធានជលផល និងការតាមដានការបង្កកខ្វក់ដល់សមុទ្រ។

ផ្កាយរណបនេះត្រូវបានបាញ់បង្ហោះដោយយានចម្លង Long March-2C នៅវេលាម៉ោង ១១:៥៥នាទីម៉ោងនៅទីក្រុងប៉េកាំង ពីមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណប Jiuquan (ជីវជ័ន) នៅភាគពាយព្យប្រទេសចិន ហើយក្រោយមកត្រូវបានដាក់ចូលទៅក្នុងគន្លងតារាវិថី ដែលបានគ្រោងទុកដោយជោគជ័យ៕