សម្តេចធិបតី នាយករដ្ឋមន្ត្រី មានប្រសាសន៍ថា ការអភិវឌ្ឍកោះនរាមិនត្រឹមតែបានផលប្រយោជន៍ ដល់ក្រុមហ៊ុនទេ វានឹងចែកផលលាភជាច្រើនដល់ពលរដ្ឋទូទៅដែរ

ភ្នំពេញ៖ សម្ដេចធិបតី នាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានលើកឡើងថា ការអភិវឌ្ឍតំបន់កោះនរា មិនត្រឹមតែបានផ្ដល់ប្រយោជន៍ដល់ក្រុមហ៊ុនឯកជនប៉ុណ្ណោះទេ តែក៏បានផ្ដល់ប្រយោជន៍ និងចែកផលលាភជាច្រើនដល់ដៃប្រជាពលរដ្ឋទូទៅ តាមរយៈបង្កើតសកម្មភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម និងផលិតភាពការងារ ខណៈការអភិវឌ្ឍតំបន់នេះក៏ឆ្ពោះទៅរកភាពរីកចម្រើនទៅទិសខាងកើនកាន់តែខ្លាំងបន្ថែមទៀតផងដែរ ។

ថ្លែងនៅក្នុងឱកាសអញ្ជើញជាអធិបតី សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពាននាគភ្លោះកោះនរា និងស្ពានបេតុងខ្សែកាបតភ្ជាប់តំបន់អភិវឌ្ឍន៍​កោះនរា ទៅតំបន់អភិវឌ្ឍន៍​កោះពេជ្រ នារសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ​ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមទៀតថា ​ហេដ្ឋារចនាសម្ព័ន្ធ​ ជាសរសៃឈាមតភ្ជាប់ដ៏សំខាន់របស់ជាតិ ដែល​រាជរដ្ឋាភិបាលកម្ពុជា ​តែងតែយកចិត្តទុកដាក់ជាអាទិភាពក្នុងការអភិវឌ្ឍប្រទេសជាតិ ជាក់ស្តែងដូចការអភិវឌ្ឍនូវកោះនរាភ្ជាប់ជាមួយតំបន់អភិវឌ្ឍន៍​កោះពេជ្រ យ៉ាងដូច្នេះដែរ ខណៈតំបន់នេះ នឹងធ្វើឲ្យសរសៃសេដ្ឋកិច្ចរបស់កម្ពុជា​កាន់តែបន្តរីកធំឡើងៗជាបន្តបន្ទាប់ បន្ថែមទៀត។

សម្តេចធិបតី ​នាយករដ្ឋមន្រ្តី ក៏បានបង្ហើបឲ្យដឹងផងដែរថា​ នៅតំបន់អភិវឌ្ឍន៍​កោះនរា នាពេល​ខាងមុខនេះ ​ក៏មានគម្រោងនឹងធ្វើអគារខ្ពស់ជាងគេមួយ នៅក្នុងតំបន់ផងដែរ ដោយ​អគារនេះ​នឹងមានកម្ពស់ ៥៥៥ ម៉ែត្រ ។ មួយវិញទៀតតំបន់កោះនរានេះ នឹងធ្វើឲ្យប្រជាពលរដ្ឋខ្មែររាប់ពាន់រាប់ម៉ឺននាក់​មាន​ការងារ​ធ្វើជាប្រចាំ ដើម្បីលើកកម្ពស់ជីវភាពរបស់ពួកគាត់ ឲ្យកាន់តែប្រសើរឡើង​បន្ថែមទៀតផងដែរ៕