សម្ដេចធិបតី នាយករដ្ឋមន្ត្រី អំពាវនាវដល់ពលរដ្ឋខ្វះខាតជំរុញកូនឱ្យទទួលបាន ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ
ភ្នំពេញ៖ ក្នុងឱកាសប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងគ្រោះ ចំននួន ១,៥ លាននាក់ សម្តេចធិបតី នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ ២០២៣នេះ បានអំពាវនាវដល់ពលរដ្ឋ ដែលមានជីវភាពខ្វះខាតជំរុញកូនៗឱ្យមកទទួលបានការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈនេះឱ្យបានគ្រប់គ្នា ។
សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានអំពាវនាវដល់មាតាបិតាអាណាព្យាបាលរបស់យុវជនក្រីក្រ និងងាយរងហានិភ័យ សូមជួយជំរុញ និងលើកទឹកចិត្តដល់យុវជនឱ្យទៅចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈឱ្យបានគ្រប់ៗគ្នា ដើម្បីទទួលបានជំនាញពិតប្រាកដ យកទៅប្រកបរបរចិញ្ចឹមជីវិតបានកាន់តែប្រសើរ ។
សម្ដេចធិបតីបញ្ជាក់បន្ថែមថា ការបើកវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈដល់យុវជន ១,៥ លាននាក់ នៅថ្ងៃនេះ បានផ្ដោតសំខាន់លើការបណ្ដុះបណ្ដាលច្បាស់លាស់ ហើយយុវជនត្រូវរៀនចប់ ត្រូវចេះ និងមានការងារសមស្របនៅលើទីផ្សារការងារ ។
សម្ដេចធិបតីនាយករដ្ឋមន្ត្រី បញ្ជាក់បន្ថែមថា ការបើកវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈដល់យុវជនមួយលានប្រាំសែននាក់នៅថ្ងៃនេះ គឺដើម្បីបំពេញតម្រូវការក្នុងវិស័យឧស្សាហកម្ម និងសេដ្ឋកិច្ចដែលកំពុងត្រូវការជំនាញទាំងនោះ ។
ក្នុងឱកាសនេះសម្ដេចធិបតី នាយករដ្ឋមន្ត្រី ក៏បានណែនាំដល់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បន្តសហការជាមួយក្រុមហ៊ុន រោងចក្រ សហគ្រាស និងស្ថាប័ននានា ដើម្បីទទួលយកយុវជនដែលទទួលបានការបណ្ដុះបណ្ដាលវិជ្ជាជីវៈ ទៅហាត់ការនៅតាមបណ្ដាក្រុមហ៊ុន រោងចក្រ សហគ្រាស និងស្ថាប័នទាំង នោះផងដែរ ៕