សម្តេចធិបតី នាយករដ្ឋមន្រ្តី ផ្តាំផ្ញើដល់យុវជនខិតខំយកចិត្តទុកាក់រៀនជំនាញវិជ្ជាជីវៈឱ្យបានល្អ ចេះឱ្យប្រាកដ
ភ្នំពេញ៖ សម្តេចធិបតី នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានផ្តាំផ្ញើទៅកាន់យុវជន ជាពិសេសយុវជនមកពីគ្រួសារក្រីក្រ និងរងហានិភ័យថា ជំនាញអ្វីក៏ល្អដែរឱ្យតែចេះពិតប្រាកដ។
សម្តេចធិបតីនាយករដ្ឋមន្ត្រីបានលើកឡើងនូវអនុសាសន៍បែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីប្រកាសដាក់ឱ្យអនុវត្តន៍ ជាផ្លូវការ កម្មវិធីនយោបាយចំនួនពីរ ក្នុងវិស័យការងារ ដោយ កម្មវិធីនយោបាយទាំងពីររួមមាន៖
១- របបសន្តិសុខសង្គម ផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត សម្រាប់បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិកបេឡាជាតិរបបសន្តិសុខសង្គម
២- កម្មវិធី បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជន មកពី គ្រួសារ ក្រីក្រ និងគ្រួសារងាយរងគ្រោះ នៅសណ្ឋាគារសុខានាព្រឹកថ្ងៃទី១៤វិច្ឆិកានេះ។
សម្តេចធិបតីបានជំរុញការផ្សព្វផ្សាយ ឱ្យយុវជនកាន់តែយល់ពីឱកាស ដែលរាជរដ្ឋាភិបាលបានផ្តល់ឱកាសលើការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ជាពិសេសសម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងរងហានិភ័យ ។
សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានអំពាវនាវដល់យុវជន ត្រូវយកចិត្តទុកដាក់ ក្នុងការសិក្សារៀនសូត្រ លើកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដែលរាជរដ្ឋាភិបាលប្រកាសដាក់ចេញនាពេលនេះ ពីព្រោះរាជរដ្ឋាភិបាលបានត្រឹមជួយបណ្ដុះបណ្ដាល ប៉ុន្តែមិនអាចនៅជាមួយយុវជនរហូតនោះទេ ដូច្នេះយុវជន ត្រូវខិតខំជួយខ្លួនឯងលើការរៀនសូត្រជំនាញវិជ្ជាជីវៈ បច្ចេកទេសនេះឱ្យបានចេះពិតប្រាកដនេះ៕