មេដឹកនាំអ៊ីរ៉ង់ មកបំពេញទស្សនកិច្ចដ៏កម្រ ក្នុងកិច្ចប្រជុំកំពូលដែលរៀបចំដោយអារ៉ាប៊ីសអ៊ូឌីត ថ្កោលទោសអ៊ីស្រាអែល
បរទេស៖ ក្នុងកិច្ចប្រជុំកំពូលមួយ ក្នុងទីក្រុងរីយ៉ាដ ជាទីដែលប្រធានាធិបតីអ៊ីរ៉ង់ អ៊ីប្រាហ៊ី រ៉េស៊ី (Ebrahim Raisi) បានជួបជាមួយព្រះអង្គម្ចាស់អារ៉ាប៊ីសាអ៊ូឌីត ម៉ូហាម៉េដ ប៊ីន សាលម៉ាន (Mohammed bin Salman) ក្នុងកិច្ចប្រជុំជាសាធារណៈលើកដំបូង មេដឹកនាំអារ៉ាប់ និងឥស្លីម បានរិះគន់ «ឧក្រិដ្ឋកម្មសង្រ្គាម»របស់អ៊ីស្រាអែល នៅតំបន់ហ្កាហ្សា ។
ការប្រមូលផ្តុំបានមេដឹកនាំចំនួន ៥៧រូប ក្នុងកិច្ចប្រជុំកំពូលវិសាមញ្ញ បានទាមទារឲ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទទួលយក «ការសម្រេចចិត្តដ៏ម៉ឺងម៉ាត់ និងជាប់កាតព្វកិច្ច» ដើម្បីបញ្ឈប់ការឈ្លានពានជាមួយនឹងការប្រយុទ្ធយ៉ាងជ្រៅ នៅក្នុងតំបន់ហ្កាហ្សា ដែលកំពុងដំណើរការរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ។
សេចក្តីសម្រេចចុងក្រោយនោះ បានឲ្យដឹងថា៖«យើងថ្កោលទោសការឈ្លានពានរបស់អ៊ីស្រាអែលប្រឆាំងនឹងតំបន់ហ្កាហ្សាស្ទ្រីប ឧក្រិដ្ឋកម្មសង្រ្គាម និងការសម្លាប់រង្គាលដ៏ព្រៃផ្សៃ ឃោរឃៅ និងអមនុស្សធម៌ដែលបានប្រព្រឹត្តដោយរដ្ឋាភិបាលកាន់កាប់អាណានិគមប្រឆាំងនឹងប្រជាជនប៉ាឡេស្ទីន រួមទាំងនៅតំបន់វេសបែង និងទីក្រុងហ្ស៊េរុយសាឡិមខាងកើត (East Jerusalem) ដែលបានគ្រប់គ្រងដោយអ៊ីស្រាអែល។ យើងទាមទារឲ្យបញ្ឈប់ការឈ្លានពាននេះជាបន្ទាន់» កិច្ចប្រជុំកំពូល បានច្រានចោលការចាត់ទុក«សង្គ្រាមសងសឹកនេះថាជា [ផ្នែកមួយនៃ] ការការពារខ្លួន» និងទាមទារឲ្យមានក្បួនរថយន្តជំនួយមនុស្សធម៌ ចូលទៅដល់តំបន់ដែលកំពុងមានជម្លោះនេះ៕