អ្នកទោស ដែលហែកគុករត់គេចខ្លួន ប៉ូលីសថៃ ស្នើឱ្យប្រជាជន មួយភូមិចាកចេញពីផ្ទះ ដើម្បីតាមចាប់វិញ

ថៃ៖ ប៉ូលីសអាចតាមប្រមាញ់អ្នកទោស ដែលរត់គេចខ្លួននោះឈ្មោះ Chaowalit Thongduang ដែលបានរត់គេចខ្លួនបន្ទាប់ពីការបាញ់ប្រហារជាមួយប៉ូលីស កាលពីថ្ងៃពុធនៅក្នុងស្រុក Palian ខេត្ត Trang ប្រទេសថៃ ខណៈអ្នកស្រុក នៅក្នុងភូមិតំបន់ភ្នំមួយត្រូវបានស្នើសុំឱ្យចាកចេញជាបណ្ដោះអាសន្នសិន ។

ការតាមប្រមាញ់ចាប់អ្នកទោសឈ្មោះ Chaowalit ហៅ Sia Pang Nanod នៅជួរភ្នំ Banthad កាន់តែមានសន្ទុះខ្លាំងឡើង ដោយមានអាជ្ញាធរនៅក្នុងស្រុកចំនួនពីរគឺ Manang និង Thungwa ទាំងក្នុងខេត្ត Satun ដែលនៅជិតខាងបង្កើតប៉ុស្តិ៍ត្រួតពិនិត្យដើម្បីត្រួតពិនិត្យប្រជាពលរដ្ឋគ្រប់ទិសទី នេះយោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឱ្យដឹង ។

គេជឿថាអ្នកទោស និងអង្គរក្សប្រដាប់អាវុធបានរត់ឆ្ពោះទៅភាគខាងកើតនៃជួរភ្នំ ។ ប៉ូលិស និង​មន្ត្រី​ល្បាត​ព្រៃ​ត្រូវ​បាន​កេណ្ឌ​ដើម្បី​ស្វែងរក ។

មន្ត្រី​នាយកដ្ឋាន​បង្ក្រាប​បទល្មើស និង​មន្ត្រី​ល្បាត​ព្រៃ​កំពុង​ចុះ​ត្រួត​ពិនិត្យ​តំបន់​ដែន​ជម្រក​សត្វព្រៃ​ Banthad ក្នុង​ខេត្ត Satun ខណៈ​មន្ត្រី​រាប់​សិប​នាក់​ មក​ពី​ស្នងការដ្ឋាន​នគរបាល​ខេត្ត​តំបន់៩ និង​នគរបាល​មូលដ្ឋាន​ខេត្ត Trang កំពុង​ប្រតិបត្តិការក្នុងតំបន់​ភ្នំ​ដោយ​ប្រើ​ម៉ូតូ ។

លោក ស៊ូ ថុន ប្រជាពលរដ្ឋ​ នៅ​ភូមិ​បត់ត្រា បាន​និយាយ​ថា ប៉ូលិស​បាន​ស្នើ​ឲ្យ​អ្នក​ស្រុក​ចាក​ចេញ​ពី​តំបន់​នោះ​រយៈ​ពេល​ពីរ​ថ្ងៃ ហើយ​ក្រុម​គ្រួសារ​របស់​គាត់​បាន​គោរព​តាម​ ដើម្បីសុវត្ថិភាព​របស់​ខ្លួន។ គាត់​មិន​ហ៊ាន​ទៅ​ធ្វើ​ការ​នៅ​ចម្ការ​កៅស៊ូ​ទេ ទាល់​តែ​ចាប់​បានអ្នក​រត់​គេច​ខ្លួន ៕