ច្បាប់លើកលែងទោសតំបន់កាតាឡាន់ នៅទីក្រុងម៉ាឌ្រីដ របស់អេស្ប៉ាញ ការប៉ះទង្គិចគ្នាបានកើតឡើង

បរទេស៖  នៅខាងក្រៅទីស្នាក់ការគណបក្សសង្គមនិយម ក្រុមអ្នកតវ៉ាបានប៉ះទង្គិចជាមួយនគរបាល ក្នុងទីក្រុងម៉ាឌ្រីដ របស់ប្រទេសអេស្ប៉ាញ រយៈពេលបីយប់ជាប់ៗគ្នាកាលពីថ្ងៃសៅរ៍ ទី១១ ខែវិច្ឆិកា កន្លងមកនេះ ។

នគរបាលកុបកម្មបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក ដើម្បីគ្រប់គ្រងហ្វូងមនុស្សដែលកំពុងតវ៉ា  ខណៈក្រុមបាតុករបានគប់ដុំថ្ម កាំជ្រួច និងវត្ថុផ្សេងៗ បន្ទាប់ពីនាយករដ្ឋមន្ត្រីស្តីទីសង្គមនិយមអេស្ប៉ាញ លោក ប៉េដ្រូ សានឆេស (Pedro Sánchez) ទទួលបានការគាំទ្រដើម្បីបន្តតំណែងនៅអាណត្តិថ្មី ។

ការគាំទ្ររបស់គណបក្សជាតិ បាសកេ (PNV) និងសម្ព័ន្ធប្រជុំកោះកាណារី រួមជាមួយនឹងគណបក្សផ្ដាច់ខ្លួនកាតាឡាន់ ហ៊ុនស៎ (Junts) ដែលត្រូវបានបញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍ ទី៩ ខែវិច្ឆិកា ថានឹងផ្តល់ឱ្យលោកនាយករដ្ឋមន្ត្រីស្តីទី សានឆេស នូវសំឡេងគាំទ្រភាគច្រើនដ៏លើសលប់ នៅក្នុងសភាជាន់ទាប ដែលមានសមាជិក៣៥០រូប នៅក្នុងការបោះឆ្នោត ដែលនឹងប្រព្រឹត្តទៅនៅប៉ុន្មានថ្ងៃខាងមុខនេះ ។

កិច្ចព្រមព្រៀង ដែលធានាបានជាមួយគណបក្សផ្ដាច់ខ្លួន កាតាឡាន់ ហ៊ុនស៎ រួមមានការអនុម័តច្បាប់ដ៏ចម្រូងចម្រាស ដែលផ្តល់ការលើកលែងទោសដល់អ្នក ដែលត្រូវបានកាត់ទោសជុំវិញការប៉ុនប៉ង របស់សហគមន៍កាតាឡូនីញ៉ា (Catalonia) ដើម្បីទទួលបានឯករាជ្យផ្ដាច់ខ្លួនចេញពីប្រទេសអេស្ប៉ាញ ក្នុងឆ្នាំ២០១៧ ។

គូប្រជែងអភិរក្សនិយមរបស់លោក សានឆេស បានចោទប្រកាន់នាយករដ្ឋមន្ត្រីស្តីទីរូបនេះថា បានដាក់នីតិរដ្ឋរបស់ប្រទេសអេស្ប៉ាញ ធ្វើជាផលប្រយោជន៍នយោបាយផ្ទាល់ខ្លួន ៕