កម្ពុជា និងសហភាពអឺរ៉ុប សាទរចំពោះការវិវឌ្ឍជាវិជ្ជមាននៃទំនាក់ទំនងនឹងគ្នានាប៉ុន្មានឆ្នាំចុងក្រោយនេះ

ភ្នំពេញ៖ នា​ថ្ងៃទី​ ១៦ ខែសីហា ឆ្នាំ ២០២៣ នៅ​ទីស្តីការ​ក្រសួងការបរទេស នា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ តំណាង​កម្ពុជា និង​សហភាព​អឺរ៉ុប ​(EU) បានសាទរចំពោះ​ការវិវឌ្ឍ​ជា​វិជ្ជមាន នៃ​ទំនាក់​ទំនង​នឹង​គ្នា នៅ​ចំពោះមុខ​វិបត្តិ​សកល​ដ៏​ស្មុគស្មាញ ជាពិសេស​ក្នុង​បរិបទ​កូ​វីដ​ ១៩ កន្លងទៅ ខណៈ​សហភាព​អឺរ៉ុប​ជា​ដៃគូ​ពា​​ណិ​ជ្ជ​កម្ម​ធំ​របស់​កម្ពុជា​សព្វថ្ងៃ និង​ជា​ដៃគូ​អភិវឌ្ឍន៍​សំខាន់​តាំង​ពី​សម័យ​ក្រោយ​សង្គ្រាមស៊ីវិល​។​

​ការកត់សម្គាល់​ពី​វឌ្ឍនភាព នៃ​ទំនាក់ទំនង​ទ្វេភាគី​នេះ ធ្វើឡើង​តាមរយៈ​ជំនួប​ជម្រាបលា​លោក​ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស​កម្ពុជា ពី​សំណាក់​លោកស្រី Carmen MORENO ឯកអគ្គ​រដ្ឋ​ទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​ដែល​ចប់​អាណត្តិ ​ ​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័​ត៌​មាន​របស់​ក្រសួងការបរទេស​។​

​នៅក្នុង​ជំនួប​នេះ លោក ​ប្រាក់ សុខុន បាន​កោតសរសើរ​ចំពោះ​លោកស្រី Carmen MORENO ចំពោះ​កិច្ចខិតខំ​ក្នុង​អាណត្តិ​លោកស្រី​ជា​តំណាង ដែល​បាន​ជួយ​ពង្រឹង​ទំនាក់ទំនង​រវាង​សហភាព​អឺរ៉ុប និង​កម្ពុជា​ឱ្យមាន​ភាពប្រសើរឡើង​។ លោក​កត់​សម្គាល់​ពី​ការរីកចម្រើន​នៃ​ទំនាក់​ទំនង​ទ្វេភាគី​កម្ពុជា​-​សហភាព​អឺរ៉ុប ក្នុង​រយៈពេល ៤ ​ឆ្នាំ​ចុងក្រោយ នៅ​ចំពោះមុខ​វិបត្តិ​សកល​ជាច្រើន ជាពិសេស​អំឡុង​ការ​រាតត្បាត​ជំងឺ​​កូ​វីដ​ ១៩ ខណៈ​សហភាព​អឺរ៉ុប បាន​ជួយ​កម្ពុជា​រួមមាន​ជំនួយ​វ៉ា​ក់​សាំង ហិរញ្ញប្បទាន​ឥត​សំណង និង​ឥណទាន​សរុប ៥៩៩ ​លាន​អឺរ៉ូ ព្រមទាំង​ការស្តារ​សេដ្ឋកិច្ច​សង្គម​ក្រោយ​កូ​វីដ​ ១៩ ផង​។

​​ជាមួយគ្នានេះ​លោក ​ប្រាក់ សុខុន បង្ហាញ​ក្តី​អំណរ​ចំពោះ​កិច្ចខិតខំ​ជួយ​កម្ពុជា​ពី​ភាព​ជា​ដៃគូ​នៃ​សហភាព​អឺរ៉ុប​នៅក្រោយ​សង្គ្រាមស៊ីវិល​។ លោក​ថា​៖ «​ភាពជា​ដៃគូ​នេះ​រួមមាន​គំនិត​ផ្តួចផ្តើម​ជាច្រើន ដូច​ជាការ​ស្តារឡើងវិញ​នូវ​ហេដ្ឋារចនាសម្ព័ន្ធ ការអភិវឌ្ឍ​វិស័យ​កសិកម្ម ការគ្រប់គ្រង​ការផ្លាស់​ទីលំនៅ ធន​ធាន​មនុស្ស និង​ការ​បោសសម្អាត​គ្រាប់មីន ដែល​បាន​ជួយ​រួមចំណែក​ដល់​ការរីកចម្រើន​ផ្នែក​សង្គម​សេដ្ឋកិច្ច​នៅ​កម្ពុជា​។​

​បើតាម​ការអះអាង​រប​ស់​ក្រសួង​ការ​បរ​ទេស​ក្នុងជំនួប​នោះដែរ​លោកស្រី MORENO បាន​ថ្លែង​កោតសរសើរ ពី​ភាព​ប៉ិនប្រសប់​របស់​កម្ពុជា ក្នុងនាម​ជា​ប្រធាន​អាស៊ាន​ឆ្នាំ​ ២០២២ កន្លងទៅ ក្នុងនោះ​រួមមាន​កិច្ចប្រជុំ​កំពូល ខួប​អនុស្សាវរីយ៍​អាស៊ាន​-​សហភាព​-​អឺរ៉ុប ផងដែរ ដែល​បាន​ប្រព្រឹត្ត​ទៅដោយ​ជោគ​​ជ័យ​។ សេចក្តីប្រកាស​ក្រសួងការបរទេស​ឱ្យដឹងថា​៖ «​ភាគី​ទាំង​ ២ បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការវិវឌ្ឍ​ជា​វិជ្ជមាន នៃ​កិច្ច​សហប្រតិបត្តិ​ការ​នឹង​គ្នា រួមទាំង​កិច្ចសន្ទនា​កម្រិត​ខ្ពស់ ជាមួយគ្នា​ជា​ញឹកញាប់ ដែល​លើកកម្ពស់​ការយល់ដឹង កាន់តែច្រើន​ចំពោះ​កម្ពុជា​»​។​

​ជុំវិញ​បញ្ហា​នេះ លោក​ វណ្ណ ប៊ុន​ណា អ្នក​ជំនាញ​ផ្នែក​ភូមិសាស្ត្រ​នយោបាយ​អន្តរជាតិ លើកឡើងថា ទំនាក់ទំនង​កម្ពុជា និង​សហ​​ភាព​អឺរ៉ុប​មាន​សារៈសំខាន់ ខណៈ​សហភាព​អឺរ៉ុប​ចូលរួមចំណែក​សំខាន់​ក្នុង​សេដ្ឋកិច្ចកម្ពុជា​ដែលជា​ទីផ្សារ​ធំ​បន្ទាប់ពី​សហរដ្ឋអាមេរិក​ក្នុងការ​នាំចេញ​ផលិតផល​សម្លៀកបំពាក់​និង​ទំនិញ​កម្ពុជា​។ លោក​បន្តថា សហភាព​​អឺរ៉ុប​ក៏​ជា​ម្ចាស់ជំនួយ​អភិវឌ្ឍន៍​សង្គម និង​ធន​​ធាន​មនុស្ស ដែល​កម្ពុជា​ពិតជា​ត្រូវការ​សហ​ភាព​អឺរ៉ុប ហើយ​សហភាព​អឺរ៉ុប​វិញ​ក៏​ត្រូវការ​កម្ពុជា​ដើម្បី​គាំទ្រ​ខ្លួន​លើ​ឆាក​អន្តរជាតិ​ដែរ​។​

​យ៉ាងណាក្តី​លោក ​វណ្ណ ប៊ុន​ណា មើលឃើញ​បញ្ហា​មួយចំនួន​ក្នុង​ទំនាក់ទំនង​នេះ​ថា កម្ពុជា​និង​សហភាព​អឺរ៉ុប មាន​បញ្ហា​មួយចំនួន​ទៅលើ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ ដែល​ធ្វើឱ្យ​តំបន់​ទាំង ​២ ពិបាក​ធ្វើការ​ជាមួយគ្នា​ជា​ពិសេស​នៅក្នុង​រដ្ឋាភិបាល​អាណត្តិ​ថ្មី ដោយ​​សារ​សហភាព​អឺរ៉ុប នៅ​ប្រកាន់​គោលជំហរ​គេ​ដដែល​លើ​បញ្ហា​សិទ្ធិមនុស្ស និង​ប្រជា​​ធិបតេយ្យ​ហ្នឹង​។

លោក​ថា​៖ «​ខ្ញុំ​យល់ថា វា​ជា​បញ្ហា​ខ្ទាស់ ដែល​រដ្ឋាភិបាល​ថ្មី ប្រហែល​នឹងមិន​ធ្វើតាម​សហភាព​អឺរ៉ុប​ចង់បាន​ទេ​»​។ ទោះជា​បែបនេះ​ក្តី​លោក​សង្ឃឹមថា រដ្ឋាភិបាល​ថ្មី ក្នុង​អាណត្តិ​ទី​៧ នឹង​បើកចំហ​សម្រាប់​សហភាព​អឺរ៉ុប ដើម្បី​រុញច្រាន​ទំនាក់ទំនង​ល្អ​នឹង​គ្នា​ដើម្បី​ប្រយោជន៍​សេដ្ឋកិច្ច និង​សង្គម​។​

​ចំណែក លោក​ គិ​ន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យសភា​មើលឃើញថា ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិ​​ការ​កម្ពុជា និង​សហភាព​អឺរ៉ុប មានការ​រីក​​ចម្រើន​គួរឱ្យកត់សម្គាល់ ស្របពេល​ភាគី​ទាំង​ ២ បង្ហាញ​ការប្តេជ្ញាចិត្ត​រៀងៗ​ខ្លួន ក្នុង​រយៈ​ពេល​ចុង​ក្រោយនេះ​។ នៅ​ចំពោះមុខ​ការរិះគន់​លើ​លម្ហ​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ពី​សហភាព​អឺរ៉ុប លោក គិ​ន ភា យល់ថា ទាំងនេះ​គ្រាន់តែ​ជា​របាំងមុខ និង​ជា​លេស​របស់​សហភាព​អឺរ៉ុប និង​សម្ព័ន្ធមិត្ត ដើម្បី​ដាក់បន្ទុក​ប្រទេស​ណា​ដែល​មិន​ស្របតាម​យុទ្ធសាស្ត្រ និង​របៀបវារៈ​ខ្លួន​ប៉ុណ្ណោះ​។ ប៉ុន្តែ​ជាក់ស្តែង​ប្រទេស​ទាំងនេះ​តម្កល់​ផលប្រយោជន៍​ខ្លួន​ជាធំ​។

​លោក​សង្កត់ធ្ងន់ថា​៖ «​កម្ពុជា​និង​សហភាព​អឺរ៉ុប អាច​នឹង​បន្ត​ទំនាក់ទំនង​ល្អ ចំពោះ​វិស័យ​ទាំងឡាយណា ដែល​យើង​ធ្វើការ​ជាមួយគ្នា​បាន មាន​កិច្ច​សហប្រតិបត្តិ​ការល្អ ហើយ​ព្យាយាម​ធ្វើឱ្យមាន​តុល្យភាព​ឥទ្ធិពល​រវាង​គ្នា និង​គ្នា ជាពិសេស​ឥទ្ធិពល​​មហាអំណាច​ជះ​លើ​កម្ពុជា​»​។​

​គួរ​ជម្រាបជូន​ថា សហភាព​អឺរ៉ុប​បាន​ប្តេជ្ញា​ផ្តល់​ទឹកប្រាក់​រង្វង់ ១,៤៣​ ពាន់​លាន​អឺរ៉ូ ដើម្បី​គាំទ្រ​ដល់​កម្ពុជា​ក្នុង​ក្របខ័ណ្ឌ “​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​អឺរ៉ុប​រួម ឆ្នាំ ​២០២១-២០២៧”​។ ភាគី​ទាំង ​២ ក៏​នឹងមាន​កិច្ចប្រជុំ​លើក​ទី​១២ នៃ​គណៈកម្មាធិការ​ចម្រុះ​កម្ពុជា​-​សហភាព​​អឺរ៉ុប ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ទីក្រុង​ប្រ៊ុ​ច​សែ​ល នៅពេល​ខាងមុខ ក្នុងន័យ​ដាក់ចេញ​ផែនការ​សកម្មភាព​សំដៅ​ពង្រឹង​បន្ថែមទៀត​កិច្ចសហការ​ពហុ​វិស័យ​៕