រុស្ស៊ី ឥណ្ឌា ចិន និងសហរដ្ឋអាមេរិក កំពុងបោះជំហានឆ្ពោះទៅកាន់ប៉ូលខាងត្បូងនៃឋានព្រះចន្ទហើយ

ការប្រជែងផ្នែកអវកាស៖ ការរត់ប្រណាំងទីអាកាសបានត្រលប់មកវិញហើយ ឥឡូវនេះមានប្រទេសជាច្រើនទៀតកំពុងប្រកួតប្រជែងគ្នា។ នៅពេលនេះ ការផ្តោត គឺនៅលើប៉ូលខាងត្បូងនៃភពព្រះចន្ទ ដែលក្រុមអ្នកវិទ្យាសាស្ត្របានរកឃើញដើមដាននានានៃប្រភពទឹកកក។ រយៈពេលប្រហែល៦ទសវត្សរ៍បន្ទាប់ពីសហភាពសូវៀត និងសហរដ្ឋអាមេរិក បានប្រណាំងប្រជែងគ្នាដើម្បីទៅដល់ឋានព្រះចន្ទ មានការប្រកួតប្រជែងថ្មីមួយបានលេចឡើង។

កាលពីសប្តាហ៍មុន ប្រទេសរុស្ស៊ីបានបាញ់បង្ហោះយានអវកាសចុះចតភពព្រះចន្ទជាលើកដំបូងរបស់ខ្លួនក្នុងរយៈពេល៤៧ឆ្នាំ ដោយគេរំពឹងថា យាននោះនឹងចុះចតនៅក្នុងតំបន់នេះក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។ ជាមួយគ្នានេះ យានអាវកាសរបស់ប្រទេសឥណ្ឌា ក៏ស្ថិតនៅមិនឆ្ងាយប៉ុន្មានដោយគោលដៅរបស់ខ្លួន គឺចង់ឲ្យយានចុះចតនៅថ្ងៃទី២៣ ខែសីហា ខាងមុខនេះ។

ទន្ទឹមនឹងនោះ សហរដ្ឋអាមេរិក កំពុងប្រញាប់ប្រញាល់ក្លាយជាប្រទេសដំបូងគេ ដែលចុះចតដោយអវកាសយានិកនៅទីតាំងឋានព្រះចន្ទនោះ ជាមួយនឹងបេសកកម្មយានិកដែលបានគ្រោងទុកសម្រាប់ឆ្នាំ២០២៥។ ប្រទេសចិនក៏មានគម្រោងបេសកកម្មទៅកាន់តំបន់នោះផងដែរ ដោយមាន និងគ្មានអវកាសយានិក មុនពេលចុងបញ្ចប់នៃទសវត្សរ៍នេះ។

ប្រសិនបើសហរដ្ឋអាមេរិកមិនមែនជាប្រទេសដំបូងគេដែលចុះចតដោយអវកាសយានិកនៅក្នុងតំបន់ដែលចង់បានទេ នោះអាចនឹងមានផ្នែកងងឹតដ៏ខ្លាំងក្លានៃការប្រកួតប្រជែងអាវកាសលើឋានព្រះច័ន្ទ។ អ្នកគ្រប់គ្រងអង្គការ ណាសា លោក Bill Nelson បាននិយាយថា លោកមានការព្រួយបារម្ភថា ប្រទេសចិនអាចព្យាយាមអះអាងសិទ្ធិលើទីតាំងនៅភពព្រះចន្ទ ប្រសិនបើប្រទេសនេះទៅដល់ទីនោះមុនអាមេរិក៕