សម្តេចធិបតី នាយករដ្ឋមន្ត្រី៖ តាមខ្សែបន្ទាត់ព្រំដែន ឲ្យពង្រឹងការអភិវឌ្ឍ ជាឧបករណ៍ នៃការការពារជាតិ
ភ្នំពេញ៖ សម្តេចធិបតី នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាឲ្យពង្រឹងការអភិវឌ្ឍ នៅតាមខ្សែបន្ទាត់ព្រំដែន ដោយប្រើប្រាស់ការអភិវឌ្ឍនេះ ជាឧបករណ៍មួយនៃការការពារជាតិ ។
ការថ្លែងរបស់សម្តេចធិបតី នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ខាងលើនេះ ក្នុងឱកាសអញ្ជើញជាអធិបតីអបអរសាទរ “ខួបអនុស្សាវរីយ៍លើកទី២៨ ថ្ងៃបង្កើតបញ្ជាការដ្ឋាន ទ័ពពិសេស (៩ វិច្ឆិកា ១៩៩៥ – ៩ វិច្ឆិកា ២០២៣) នាថ្ងៃ១០ វិច្ឆិកា ។
សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ““ការពារដើម្បីអភិវឌ្ឍន៍ អភិវឌ្ឍន៍ដើម្បីការពារ” គឺយើងនឹងពង្រឹងការអភិវឌ្ឍនៅតាមខ្សែបន្ទាត់ព្រំដែន ដោយប្រើប្រាស់ការអភិវឌ្ឍនេះ ជាឧបករណ៍មួយនៃការការពារជាតិរបស់យើង ដែលនេះគឺជាគោលនយោបាយការពារជាតិរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក៏ដូចជាអាណត្តិមុនៗផងដែរ ដោយផ្តោតសំខាន់ដល់ការបន្តការពារឯករាជ្យ អធិបតេយ្យជាតិ និងបូរណភាពទឹកដី” ។
ស្របគ្នានេះដែរ សម្តេចធិបតី នាយករដ្ឋមន្ត្រីថា ជាមួយនឹងការធ្វើទំនើបកម្មវិស័យកងទ័ព គឺត្រូវឈរលើការធ្វើទំនើបកម្មចំនួន ៣ គឺ ១-ទំនើបកម្មរចនាសម្ព័ន្ធ ២-ទំនើបកម្មការហ្វឹកហ្វឺន និង ៣-ទំនើបកម្មគ្រឿងបំពាក់ ។ ការធ្វើទំនើបកម្មរចនាសម្ព័ន្ធ គឺរៀបចំកម្លាំងឲ្យបានរៀបរយ ដោយធ្វើការរៀបចំឡើងវិញនូវបទដ្ឋានគតិយុត្ត និងយុទ្ធសាស្ត្រ និងវិធានការដោះស្រាយឲ្យមានសង្គតិភាព និងប្រសិទ្ធភាព។ ទំនើបកម្មការហ្វឹកហ្វឺន៖ ការហ្វឹកហ្វឺន គឺជាគោលការណ៍សំខាន់ ដែលត្រូវជំរុញ ដោយត្រូវផ្តោតលើការពង្រឹងសាលា តាមរយៈការយកចិត្តទុកដាក់លើគ្រូ និងកម្មវិធីសិក្សា និងការបង្កើតសាលាទ័ពជំនាញ ព្រមទាំងការពិនិត្យមើល ការរៀបចំយន្តការមួយ ដែលធានាប្រសិទ្ធភាព និងគុណភាពនៃឯកសារ បណ្តុះបណ្តាល ដើម្បីធានានូវភាពម្ចាស់ការ ហើយជាកិច្ចការដែលយើងបាន និងកំពុងបន្តធ្វើ។ ចំពោះទំនើបកម្មគ្រឿងបំពាក់ គឺត្រូវយកចិត្តទុកដាក់លើទីលានហ្វឹកហ្វឺន ដែលត្រូវមានលក្ខណៈសមរម្យ ហើយបើចាំបាច់ត្រូវរៀបចំទីលានមួយរួមគ្នា សម្រាប់អង្គភាពច្រើន ៕