ប្រមុខដឹកនាំរដ្ឋចិន៖ ពិភពលោកត្រូវចាំបាច់ តាក់តែងច្បាប់ដើម្បីគ្រប់គ្រងបច្ចេកវិទ្យា AI
ចិន៖ លោក Xi Jinping ប្រធានាធិបតីចិន កាលពីថ្ងៃម្សិលមិញបានថ្លែងទៅកាន់កិច្ច ប្រជុំថ្នាក់រដ្ឋាភិបាលតាមប្រព័ន្ធអនឡាញ និងដោយបានលើកឡើងថា សកលលោកត្រូវតែចូលរួមគ្នា ក្នុងការជួយដល់ការគ្រប់គ្រង នូវកម្រិតហានិភ័យ ដែលអាចបង្កឡើងដោយបច្ចេកវិទ្យាវ័យឆ្លាតឬ AI នាពេលអនាគត ។
លោក Xi បានថ្លៃង នៅក្នុងសេចក្តីអត្ថាធិប្បាយ ដែលបានរៀបចំទុកជាមុន និងដែលបានចេញផ្សាយកាលពីថ្ងៃពុធជាផ្នែក នៃពិធីបើកសន្និសីទអ៊ីនធឺណិតពិភពលោកឆ្នាំ២០២៣ នៅទីក្រុង Wuzhen ក្នុងខេត្ត Zhejiang ។
សូមបញ្ជាក់ដែរថាកាលពីខែមុន រដ្ឋាភិបាលចិនបានប្រកាសពីគំនិតផ្តួចផ្តើមអភិបាលកិច្ច AI ជាសាកលរបស់ខ្លួន ដែលជាសំណើ ដែលទាមទារឲ្យមានការអភិវឌ្ឍដោយសុវត្ថិភាព និងបើកចំហនៃបច្ចេកវិទ្យា AI ។
ចិន និងសហរដ្ឋអាមេរិក រួមទាំង ប្រទេសជាច្រើនផង បានរួមបញ្ចូល និងបានព្យាយាមដាក់ច្បាប់លើការអភិវឌ្ឍន៍ AI ដោយមិនមានការរំខាន ចំពេលមានការព្រួយបារម្ភអំពីផលប៉ះពាល់ ដែលអាចកើតមាន ។
លោក Joe Biden ប្រធានាធិបតីអាមេរិក បានចុះហត្ថលេខាលើច្បាប់កាលពីខែតុលា ក្នុងគោលបំណងលើកកម្ពស់ការអភិវឌ្ឍប្រកបដោយការទទួលខុសត្រូវនៃការច្នៃប្រឌិត AI និងដើម្បីកាត់បន្ថយការព្រួយបារម្ភដែលអាចកើតមានដែលត្រូវបានបំភ្លឺក្នុងប៉ុន្មានខែថ្មីៗនេះ ៕