អតីតរដ្ឋមន្រ្តីយុវជន និងកីឡា វ័យក្មេងរបស់ម៉ាឡេស៊ី តុលាការផ្ដន្ទាទោស ជាប់ពន្ធនាគារ៧ឆ្នាំ ពាក់ព័ន្ធអំពើពុករលួយ
បរទេស៖ សមាជិកសភាម៉ាឡេស៊ីម្នាក់ មកពីគណបក្ស ដែលមានមូលដ្ឋានលើយុវជន បានដកខ្លួនចេញពីរដ្ឋាភិបាលចម្រុះកំពុងកាន់អំណាច ជុំវិញការព្រួយបារម្ភអំពីអំពើពុករលួយ ត្រូវបានតុលាការកំពូលទីក្រុងគូឡាឡាំពួ រកឃើញថា មានទោសពីបទអំពើពុករលួយ បើតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋ Bernama បានរាយការណ៍ កាលពីថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះ ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃព្រហស្បតិ៍ ទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣។
ជាសមាជិកនៃគណបក្សប្រជាធិបតេយ្យម៉ាឡេស៊ី United Democratic Alliance (MUDA) លោក Syed Saddig Syed Abdul Rahman ត្រូវបានតុលាការរកឃើញថា មានទោសពីបទចោទប្រកាន់សរុបចំនួន ៤ ពាក់ព័ន្ធបទឧក្រិដ្ឋកម្មរំលោភលើទំនុកចិត្ត កេងប្រវ័ញ្ញទ្រព្យសម្បត្តិ និងការលាងលុយកខ្វក់ ហើយត្រូវបានផ្ដន្ទាទោសដាក់ពន្ធនាគាររយៈពេល៧ឆ្នាំ និងទទួលរងការពិន័យជាទឹកប្រាក់ចំនួន ១០លានរីងហ្គីត (ស្មើនឹង២.១លានដុល្លារអាមេរិក)។
លោក Syed Saddiq ត្រូវបានគណបក្ស MUDA ដកការគាំទ្ររបស់ខ្លួនកាលពីខែកញ្ញា សម្រាប់ក្រុមចម្រុះរបស់យករដ្ឋមន្ត្រី Anwar Ibrahim ដោយលើកឡើងពីការព្រួយបារម្ភអំពីអំពើពុករលួយ បន្ទាប់ពីការចោទប្រកាន់ពាក់់ព័ន្ធអំពើបទពុករលួយប្រឆាំងនឹងឧបនាយករដ្ឋមន្ត្រីរបស់ប្រទេស ត្រូវបានទម្លាក់ចោលវិញ ។
អតីតរដ្ឋមន្ត្រីយុវជន និងកីឡារូបនេះ ត្រូវបានចោទប្រកាន់ថា បានជួយអតីតមន្រ្តីម្នាក់នៃគណបក្ស Bersatu ក្នុងការកេងប្រវ័ញ្ញប្រាក់ចំនួន ១លានរីងហ្គីត (ស្មើនឹងជាង ២១ម៉ឺនដុល្លារអាមេរិក) ក្នុងមូលនិធិសម្រាប់ក្រុមយុវជនរបស់គណបក្ស ។
បទល្មើសនេះត្រូវបានប្រព្រឹត្តទៅ កាលពីខែមីនា ឆ្នាំ២០២០ ពេលគណបក្ស Bersatu កំពុងកាន់អំណាច។
សូមរំលឹកថា លោក Syed Saddiq បច្ចុប្បន្នមានអាយុ ៣០ឆ្នាំ ធ្លាប់ជាប្រធានក្រុមយុវជនរបស់គណបក្ស Bersatu ប៉ុន្តែបានចាកចេញពីគណបក្ស ដើម្បីទៅបង្កើតគណបក្សផ្ទាល់ខ្លួនគឺ គណបក្ស MUDA នៅឆ្នាំ២០២០។ ប៉ុន្ដែលោក Syed Saddiq អាចបន្តជាសមាជិកសភា ទោះបីជាមានការចោទប្រកាន់ក៏ដោយ។
យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា តុលាការជាន់ខ្ពស់ទីក្រុងគូឡាឡាំពួ បានសម្រេចឱ្យលោក Syed Saddiq អាចពន្យាពេលអនុវត្តទោសជាបណ្ដោះអាសន្ន ដោយរង់ចាំការប្តឹងឧទ្ធរណ៍៕