ការសង់សាងឡើងវិមានឯករាជ្យ…..

វិមានឯករាជ្យសាងសង់ឡើង ដើម្បីជានិមិត្តរូបបញ្ជាក់ថា ប្រទេសកម្ពុជា បានទទួលឯករាជ្យពីប្រទេសបារាំង នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ និងសម្រាប់ជាស្តូបគោរពវិញ្ញាណក្ខ័ន្ធ ដើម្បីបុព្វហេតុជាតិ និងដើម្បីប្រារព្ធនូវសេរីភាព និងឯករាជ្យរួចពីការគ្រប់គ្រងរបស់បរទេស។

ក្រោយពេលការទាមទារឯករាជ្យបានទាំងស្រុង ពីអាណានិគមបារាំងនៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ត្រូវបានបានកសាងឡើង និងសម្ពោធដាក់ឲ្យប្រើប្រាស់ នៅឆ្នាំ១៩៥៨ ក្នុងរាជ្យព្រះបាទ នរោត្តម សុរាម្រិត (១៩៥៥-១៩៦០) ព្រះរាជបិតា សម្តេចព្រះ នរោត្តម សីហនុ។

វិមានឯករាជ្យ កាលពីមុនគេហៅថា អនុស្សាវរីយ៍វិមានឯករាជ្យ ឈរយ៉ាងខ្ពស់ត្រដែតនៅទីតាំងស្ថិតចំកណ្តាលរង្វង់មូលចរាចររវាងមហាវិថីព្រះនរោត្តម និងមហាវិថីព្រះសីហនុ ចំកណ្តាលរាជធានីភ្នំពេញ។

វិមានឯករាជ្យ រចនាប្លង់ (គូរប្លង់) ដោយស្ថាបត្យករខ្មែរដ៏ល្បីល្បាញ គឺលោក វណ្ណ មូលីវណ្ណ (Vann Molyvann) មានកម្ពស់២០ ម៉ែត្រ មាន ៥ជាន់ ដោយយកលំនាំតាមរាងផ្កាឈូកក្រពុំ តាមគំរូរចនាបថរបស់អង្គរ លំអដោយក្បាលពស់នាគរាជចំនួន១០០ (១ជាន់២០, ១ជ្រុង៥) ដែលរំលេចចេញយ៉ាងច្បាស់នូវម៉ូដ (រចនាបថ) របស់ប្រាង្គប្រាសាទអង្គរវត្ត។ ចំណែកអ្នកកសាងវិមានឯករាជ្យ តាមប្លង់របស់លោក វណ្ណ មូលីវណ្ណ គឺលោក តឹង វឿត ជាស្ថាបត្យករដ៏ល្បីល្បាញ។

ចំពោះក្បាលពស់នាគរាជចំនួន ១០០នេះ មានឯកសារខ្លះ បានពន្យល់ថា យកតាមចំនួនឆ្នាំ ដែលប្រទេសកម្ពុជា ស្ថិតនៅក្រោមអាណានិគមនិយមបារាំង ជិតមួយសតវត្សរ៍ (១សតវត្សរ៍ មាន១០០ឆ្នាំ) គឺ៩០ឆ្នាំ (១១ សីហា ១៨៦៣-៩ វិច្ឆិកា ១៩៥៣)។

វិមានឯករាជ្យមានប្រាំថ្នាក់ ដែលរំលេចទៅដោយពស់នាគរាជ្យចំនួន១០០នេះ គឺមានចំណុចមួយទៀតគួរឲ្យចាប់អារម្មណ៍បំផុតនៅថ្ងៃរសៀល ជាពេលដែល ព្រះអាទិត្យអស្តង្គត (ជិតលិច) ចោលនូវស្រមោលមកលើរូបចម្លាក់ ដោយបង្ហាញឲ្យឃើញនូវការចាក់ស្រេះនៃរចនាបថ និងធ្វើឲ្យវិមានឯករាជ្យទាំងមូល ភ្លឺចិញ្ចែងចិញ្ចាំង៕