បណ្តេញជនជាតិជប៉ុនចំនួន២៥នាក់ ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ ចេញពីកម្ពុជា
ភ្នំពេញៈ នាយឧត្តមសេនីយ៍ កែវ វណ្ណថន អគ្គនាយករង និងជាអ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន បានឲ្យដឹងថា នៅរសៀលថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៣ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានសហការជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិ ធ្វើការបណ្តេញ ជនជាតិជប៉ុនសរុប២៥នាក់ ភេទប្រុស ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ(Online Scam) ចេញពីព្រះរាជាណាចក្រកម្ពុជា ស្របតាមច្បាប់ស្តីពីអន្តោប្រវេសន៍ និងប្រកាសរបស់ក្រសួងមហាផ្ទៃ។
នាយឧត្តមសេនីយ៍ កែវ វណ្ណថន បញ្ជាក់ថា ជនជាតិជប៉ុនទាំង២៥នាក់ ត្រូវបានឃាត់ខ្លួនដោយអគ្គស្នងការដ្ឋាននគរបាលជាតិកាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ នៅអគារលេខ៦៩ (D.B.Ly Tower) ផ្លូវលេខ១៥C សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ជាមួយគ្នានេះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ សូមថ្លែងអំណរគុណចំពោះស្ថានទូតជប៉ុនដែលបានផ្តល់ព័ត៌មានទាន់ពេលវេលា ឈានដល់ការបង្ក្រាបឃាត់ខ្លួនជនសង្ស័យដោយជោគជ័យ និងសូមអំពាវនាវបណ្តាស្ថានទូតបរទេស និងជនបរទេស បន្តផ្តល់ព័ត៌មានដល់សមត្ថកិច្ច ប្រសិនបើមានព័ត៌មានពាក់ព័ន្ធបទល្មើសនានា ដើម្បីមានវិធានការទាន់ពេលវេលា។
នាយឧត្តមសេនីយ៍ កែវ វណ្ណថន បានបន្តទៀតថា កន្លងមក ប្រទេសកម្ពុជាបានក្លាយជាប្រទេសរងគ្រោះ ដោយសារជនបរទេសតែងតែយកកម្ពុជា ជាទីតាំងប្រព្រឹត្តបទល្មើសដោយលួចលាក់ ធ្វើឲ្យប៉ះពាល់ដល់កេរ្ត៍ឈ្មោះរបស់កម្ពុជាលើឆាកអន្តរជាតិ។ ជាមួយគ្នានេះ ក្រសួងមហាផ្ទៃ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ដល់អង្គភាពពាក់ព័ន្ធ ជាពិសេសអគ្គស្នងការដ្ឋាននគរបាលជាតិ និងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហការស្រាវជ្រាវបង្ក្រាបបទល្មើសឆ្លងដែនគ្រប់ប្រភេទឲ្យមានប្រសិទ្ធភាព។