ការទប់ស្កាត់បទល្មើសបច្ចេកវិទ្យា និងឧក្រិដ្ឋកម្មឆ្លងដែន កម្ពុជា-អាមេរិក នឹងបង្កើនកិច្ចសហប្រតិបត្តិការបន្ថែមទៀត
ភ្នំពេញ៖ ការសន្យាបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគីបន្ថែមទៀត រវាង រាជរដ្ឋាភិបាលកម្ពុជា និងសហរដ្ឋអាមេរិកលើការងារទប់ស្កាត់បទល្មើសបច្ចេកវិទ្យា បទឧក្រិដ្ឋកម្មឆ្លងដែន និងបទល្មើសឧក្រិដ្ឋផ្សេងៗទៀត ដែលនាំឲ្យប៉ះពាល់សន្តិសុខដល់ប្រជាជន និងប្រទេសទាំងពីរ ។
ឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាមួយលោក W.Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា នៅក្នុងកិច្ចជំនួបជាច្រើនម៉ោង កាលពីល្ងាចថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ម្សិលមិញនេះ នៅវិមានសន្តិភាព ភាគីទាំងពីរបានលើកឡើងអំពី ការប្តេជ្ញាចិត្តរួមគ្នាពង្រឹងកិច្ចសហប្រតិបត្តិការលើការងារសន្ដិសុខ ផ្លាស់ប្ដូរព័ត៌មាន ដើម្បីទប់ស្កាត់អំពើភេរវកម្ម បទល្មើស បច្ចេកវិទ្យា និងបទឧក្រិដ្ឋឆ្លងដែនគ្រប់ប្រភេទ ព្រមទាំងបន្ដលើការងារបណ្ដុះបណ្ដាល ពិសេសជំនាញបទល្មើសបច្ចេកវិទ្យា បទល្មើសប្រឆាំងការសម្អាតប្រាក់ និងប្រឆាំងគ្រឿងញៀនជាដើម ។
លើសពីនេះទៀត ភាគីទាំងពីរក៏បានពិភាក្សាគ្នា អំពីកិច្ចសហប្រតិបត្តិការ «លើការងារប្រឆាំងការជួញដូរមនុស្ស លុបបំបាត់អំពើកេងប្រវ័ញ្ចផ្លូវភេទលើកុមារ ក៏ដូចជាចូលរួមចំណែក ក្នុងការដាក់ទោសឲ្យបានធ្ងន់ធ្ងរលើជនដែលប្រព្រឹត្តបទល្មើសនេះផងដែរ» ។
នៅក្នុងកិច្ចជំនួបនោះលោកឯកអគ្គរដ្ឋទូត W.Patrick Murphy បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង លើការងារការពារសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពនាពេលកន្លងមក ក្រោមការដឹកនាំបញ្ជាផ្ទាល់របស់ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន កាលនៅជាអគ្គស្នងការនគរបាលជាតិ ។ ពិសេសការពារព្រឹត្តិការណ៍សំខាន់នានា ក្នុងនោះមានទាំងដំណើរចូលរួមកិច្ចប្រជុំរបស់ប្រធានាធិបតីអាមេរិក នៅកម្ពុជា ហើយក៏ទទួលបាននូវការកោតសរសើរ ពីស្ថាប័នការពារផ្ទាល់របស់ប្រធានាធិបតី ។
ជាមួយគ្នានោះដែរលោក ឯកអគ្គរដ្ឋទូតក៏បានសំណូមពរដល់ ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បន្ដជួយគាំទ្រដល់ក្រុមការងារ Task Force ដែលបានបង្កើតឡើងរួមគ្នារវាង អគ្គស្នងការដ្ឋាននគរបាលជាតិ និង FBI របស់សហរដ្ឋអាមេរិក ។ ទាក់ទងនឹងកិច្ចការងារនេះ ឯកឯកអគ្គរដ្ឋទូត បានអះអាងថា កន្លងមកក្រុមការងារនេះ Task Force បានជួយធ្វើការងារជាច្រើន ក្នុងការបង្ការបទល្មើស ដែលបង្កដោយពលរដ្ឋអាមេរិក ដើម្បីចាប់ជនបង្កទាំងនោះ បញ្ជូនទៅផ្ដន្ទាទោសនៅអាមេរិកវិញ ហើយបម្រើដល់ប្រយោជន៍រដ្ឋាភិបាលអាមេរិកជាច្រើនផងដែរ។
ថ្លែងនៅក្នុងកិច្ចជំនួបនោះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានឯកភាពទាំងស្រុងចំពោះសំណូមពររបស់ឯកអគ្គរដ្ឋទូតអាមេរិក និងបានសំណូមពរទៅកាន់ភាគីអាមេរិកវិញ ឲ្យបន្ដជួយលើការងារបណ្ដុះបណ្ដាលមន្ដ្រីជំនាញ មន្ដ្រីបច្ចេកទេស ក៏ដូចជាសម្ភារៈនានា ដែលបម្រើដល់ការងារប្រយុទ្ធប្រឆាំងបទល្មើស បទឧក្រិដ្ឋឆ្លងដែនគ្រប់ប្រភេទ បទល្មើសប្រឆាំងភេរវកម្ម និងបទល្មើសគ្រឿងញៀនជាដើម ៕