រុស្ស៊ីថា ក្នុងសង្រ្គាមហ្កាហ្សា ការលើកឡើងពីនុយក្លេអ៊ែររបស់អ៊ីស្រាអែល បង្កជាសំណួរជាច្រើន
រុស្ស៊ី៖ ក្រសួងការបរទេសរុស្ស៊ីថា ការលើកឡើងរបស់រដ្ឋមន្ត្រីវ័យក្មេងអ៊ីស្រាអែល ដែលបង្ហាញពីការបើកចំហចំពោះគំនិតរបស់ប្រទេសនេះ ក្នុងការវាយប្រហារនុយក្លេអ៊ែរ លើតំបន់ហ្កាហ្សា បានធ្វើឱ្យមានការចោទសួរជាច្រើន បានកាលពីថ្ងៃអង្គារ ទី០៧ ខែវិចិ្ឆកា ឆ្នាំ២០២៣ ។
លោក Benjamin Netanyahu នាយករដ្ឋមន្ត្រីអ៊ីស្រាអែល កាលពីថ្ងៃអាទិត្យ បានផ្អាកតំណែងរដ្ឋមន្ត្រីបេតិកភណ្ឌ លោក Amihay Eliyahu ពីគណបក្សស្តាំនិយមនៅក្នុងរដ្ឋាភិបាលចម្រុះ ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រី រហូតដល់មានការជូនដំណឹងបន្ថែម ជុំវិញការបញ្ចេញមតិអំពីលទ្ធភាពនៃការប្រើប្រាស់នុយក្លេអ៊ែររបស់អ៊ីស្រាអែល នៅក្នុងសង្គ្រាមតំបន់ហ្កាហ្សា ។
ដកស្រង់សម្ដីរបស់លោកស្រី Maria Zakharova អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី ពីទីភ្នាក់ងារសារព័ត៌មាន RIA របស់រដ្ឋ ដែលបាននិយាយថា «ការលើកឡើងរបស់មន្រ្តីអ៊ីស្រាអែល ជុំវិញការប្រើប្រាស់នុយក្លេអ៊ែរនោះ បានលើកឡើងនូវសំណួរ និងការងឿងឆ្ងល់ជាច្រើន»។
លោកស្រីបន្ថែមថា បញ្ហាចម្បងគឺថា អ៊ីស្រាអែលហាក់ដូចជាបានសារភាពថាខ្លួនមានអាវុធនុយក្លេអ៊ែរ ។
អ៊ីស្រាអែល មិនទទួលស្គាល់ជាសាធារណៈថាខ្លួនមានអាវុធនុយក្លេអ៊ែរនោះទេ ទោះបីជាសហព័ន្ធអ្នកវិទ្យាសាស្ត្រអាមេរិក ប៉ាន់ស្មានថាអ៊ីស្រាអែល មានក្បាលគ្រាប់នុយក្លេអ៊ែរប្រហែល ៩០គ្រាប់ក៏ដោយ៕