ចិនថា ដើម្បីបន្ថយជម្លោះអ៊ីស្រាអែល និងប៉ាឡេស្ទីន សហគមន៍អន្តរជាតិត្រូវតែចាត់វិធានការជាបន្ទាន់
ចិន៖ សហគមន៍អន្តរជាតិត្រូវតែចាត់វិធានការជាបន្ទាន់ ដើម្បីដើរតួនាទីស្ថាបនា ដើម្បីធ្វើឲ្យមានភាពធូរស្រាល ក្នុងជម្លោះអ៊ីស្រាអែល និងប៉ាឡេស្ទីន បើតាមអ្នកនាំពាក្យក្រសួងការបរទេសចិន កាលពីថ្ងៃអង្គារ ទី៧ ខែវិច្ឆិកា នេះ បានលើកឡើង ។
លោក Wang Wenbin អ្នកនាំពាក្យរបស់ក្រសួង បានធ្វើការកត់សម្គាល់បែបនេះ ដែលជាការបញ្ជាក់ឡើងវិញពីជំហររបស់ប្រទេសចិន ចំពោះជម្លោះដែលកំពុងបន្តមាន នៅឯសន្និសីទសារព័ត៌មានជាប្រចាំ ក្នុងទីក្រុងប៉េកាំង។
លោក Wang បានថ្លែងថា៖ «ជុំវិញជម្លោះអ៊ីស្រាអែល-ប៉ាឡេស្ទីន ប្រទេសចិនតែងតែឈរនៅខាងសន្តិភាព ភាពត្រឹមត្រូវ និងយុត្តិធម៌។ យើងបានធ្វើទំនាក់ទំនងជាប់ជានិច្ចជាមួយគ្រប់ភាគីពាក់ព័ន្ធ ដោយធ្វើការដើម្បីឲ្យមានបទឈប់បាញ់ និងការបញ្ឈប់អំពើហិង្សា និងអំពាវនាវឲ្យមានសន្តិភាពឡើងវិញ។ សហគមន៍អន្តរជាតិត្រូវតែចាត់វិធានការជាបន្ទាន់។ ប្រទេសក្រៅតំបន់ ជាពិសេសបណ្ដាប្រទេសធំៗ គួរតែមានគោលជំហរមិនលម្អៀង ហើយរួមគ្នាដើរតួនាទីស្ថាបនា ដើម្បីធ្វើឲ្យស្ថានការណ៍មានភាពធូរស្រាល»។
លោកបានបន្ថែមថា៖ «ក្នុងនាមជាប្រទេសកាន់តួនាទីប្រធានប្តូរវេននៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ប្រទេសចិននឹងបន្តធ្វើការជាមួយភាគីពាក់ព័ន្ធទាំងអស់ ដើម្បីលើកកម្ពស់សកម្មភាពប្រកបដោយការទទួលខុសត្រូវរបស់ក្រុមប្រឹក្សាសន្តិសុខ ហើយដើរតួនាទីប្រកបដោយភាពវិជ្ជមាន និងស្ថាបនា ដើម្បីនាំឲ្យមានបទឈប់បាញ់ និងបញ្ឈប់ការប្រយុទ្ធគ្នា ធ្វើឲ្យស្ថានការណ៍មនុស្សធម៌ប្រសើរឡើង ចុងក្រោយ យល់ព្រមឲ្យមានការជ្រើសរើសដំណោះស្រាយរដ្ឋ២ និងសម្រេចឲ្យបាននូវសន្តិភាពយូរអង្វែង រវាងប៉ាឡេស្ទីន និងអ៊ីស្រាអែល»៕