តំបន់កាន់កាប់របស់ក្រុមហាម៉ាស់នៅជិតមន្ទីរពេទ្យ នៅភាគខាងជើងតំបន់ហ្គាហ្សា អ៊ីស្រាអែល បានវាយប្រហារ

អ៊ីស្រាអែល ៖ យោធាអ៊ីស្រាអែល បានបញ្ចេញរូបភាពវីដេអូឃ្លីប ឃើញអ្វីដែលពួកគេនិយាយថា គឺជាការវាយប្រហារលើគោលដៅរបស់ក្រុមជីវពលហាម៉ាស់នៅជិតមន្ទីរពេទ្យ ស្ថិតនៅភាគខាងជើងតំបន់ហ្គាហ្សា កាលពីថ្ងៃអង្គារកន្លងមកនេះ ។

កងទ័ពនិយាយថា ពួកគេមានគោលដៅលើមូលដ្ឋានទ័ពរបស់ក្រុមហាម៉ាស់ ស្ថិតនៅអគារក្បែរមន្ទីរពេទ្យ al-Quds ជាកន្លែងដែលការវាយប្រហារត្រូវបានរៀបផែនការ ។ ការវាយប្រហារនេះ នាំឲ្យមានការផ្ទុះជាបន្តបន្ទាប់ ដោយសារតែមានឃ្លាំងអាវុធក្រុមជីវពលនៅតំបន់ជនស៊ីវិល ។

ពួកគេដណ្តើមបានតំបន់កាន់កាប់យោធាក្រុមហាម៉ាស់ នៅភាគខាងជើងតំបន់ហ្គាហ្សា ក្នុងនោះមីស៊ីលប្រឆាំងរថក្រោះ ជើងទម្របាញ់រ៉ុក្កែត អាវុធ និងសម្ភារៈចារកម្មជាច្រើនទៀត ត្រូវរឹបអូសបាន យោងតាមកងទ័ពអ៊ីស្រាអែល បាននិយាយផងដែរ ។  វីដេអូយោធា ឃើញរថក្រោះ និងគ្រឿងចក្រ ធ្វើសកម្មភាព ដោយអគារត្រូវបំផ្ទុះចោល ហើយរូបថតសន្លឹក ឃើញទាហានអ៊ីស្រាអែល កាន់កាប់អគារ និងរុលទៅមុខ ។

ទោះបីជាយ៉ាងណាក៏ដោយ ទីភ្នាក់ងារព័ត៌មានរ៉យទ័រ មិនអាចផ្ទៀងផ្ទាត់ដោយឯករាជ្យបាននោះទេ ពីទីតាំង ឬកាលបរិច្ឆេទពេលដែលវីដេអូ ឬរូបថតសន្លឹក ថតបាន ៕