ស្ពានត្រូវបានទឹកជំនន់ហូរផ្ដាច់ អាជ្ញាធរធ្វើឡើងវិញជាការសម្រួលដល់ប្រជាពលរដ្ឋដឹកកសិផល

ខេត្តស្ទឹងត្រែង៖ នាពេលកន្លងមក ជំនន់ទឹកភ្លៀងហូរកាត់ផ្ដាច់ ធ្វើឱ្យប្រជាពលរដ្ឋជិត ១០០ គ្រួសាររស់នៅចំណុចស្រែតាចាន់ ក្នុងឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង មិនអាចធ្វើចរាចរណ៍ដឹកកសិផលទៅកាន់ទីផ្សារ ត្រូវបានអាជ្ញាធរស្រុកសេសាន ខេត្តស្ទឹងត្រែងបានសាងសង់ស្ពានបាឡេឡើងវិញហើយ។

ផ្លូវ ស្ពាន តាមបណ្តោយផ្លូវលេខ៧៨​ចាស់នេះ ជាបណ្តាញតភ្ជាប់គ្នា រវាងចំណុចស្រែតាចាន់មក​ទីប្រជុំជននៅចំណុចភូមិច្រប់ ផ្លូវ៧៨ថ្មី ចេញទៅខេត្តរតនគីរីផង និងមកកាន់ទីរួមខេត្តស្ទឹងត្រែងផង នេះបើតាមការបញ្ជក់ ពីលោក សុវណ្ណ ពិសេដ្ឋ អភិបាលស្រុកសេសាន។

លោកអភិបាលស្រុកបន្តថាៈ ពេលបានស្ពានថ្មីនេះប្រជាពលរដ្ឋមានភាពងាយស្រួល​ក្នុងការធ្វើ​ចរាចរណ៍​ទៅមក ព្រោះស្ពានដែកយើងបានសាងសង់លើកឱ្យខ្ពស់ មិនឱ្យទឹកលិចនៅខែ​វស្សាទៀតទេ។

នេះជាសមិទ្ធផលថ្មីដែលអាជ្ញាធរ​ខេត្តបាន​ប្រឹងប្រែង ធ្វើការ​សាងសង់ឡើងដើម្បីបម្រើផលប្រយោជន៍ជូនប្រជាជនយើង សម្រាប់ទំនាក់ទំនង​គ្នា ក្នុងការដោះដូរទំនិញ និងផលកសិកម្មបង្កើនផ្នែកសេដ្ឋកិច្ចគ្រួសារ ជាការបញ្ជាក់ពីលោក ប៉ែន សុបុល មេឃុំក្បាលរមាស។

​លោកបន្តថាៈ ពីដើមផ្លូវនេះ ជាផ្លូវយុទ្ធសាស្ត្រមួយ ឆ្ពោះទៅកាន់ខេត្តរតនគីរី ហើយក្រោយពីមាន​ផ្លូវ​៧៨ថ្មីមក និងទឹកទំបន់វ៉ារីលិចផង ផ្លូវនេះបានកាត់ផ្តាច់មួយភាគធំ តែទោះជាយ៉ាងណាអាជ្ញាធរ​មិនបោះបង់ចោលទេ នៅតែបន្តថែរក្សានិងជួសជុល ដើម្បីប្រយោជន៍ប្រជាពលរដ្ឋយើង​បានប្រើប្រាស់។

លោក វេង វុន ប្រជាពលរដ្ឋនៅភូមិស្រែតាចាន់បានគាំទ្រចំពោះការយកចិត្កទុកដាក់ពីថ្នាក់ដឹកនាំ​ស្រុក និងអាជ្ញាធរឃុំ ជាពិសេសមន្ត្រីជំនាញបានរៀបចំសាងសង់ស្ពាននេះឱ្យមានភាពរឹងមាំបម្រើ​ឱ្យការធ្វើចរាចរណ៍ទៅមករបស់ប្រជាពលរដ្ឋយើងនៅតំបន់នេះ។ ស្ពានដែកមានគុណភាពប្រើប្រាស់បានយូរអង្វែងបានឆ្លើយតបទៅ​នឹងការចង់​បាន​របស់ប្រជាពលរដ្ឋ ព្រោះបច្ចុប្បន្នសង្កេតឃើញ រាជរដ្ឋាភិបាលបានផ្លាស់ប្តូរយុទ្ធសាស្ត្រ នៅតាម​ភូមិឃុំ​បានសាងសង់ជាផ្លួវ ស្ពានបេតុងហើយ ទោះបីថាការមកធ្វើមានភាពយឺតយ៉ាវបន្តិចមែន តែវាល្អជាងដែលមិនបានមកធ្វើសោះ។

សូមបញ្ជាក់ថា៖ ស្ពានដែកបាឡេនេះ មានទទឹង៦ម៉ែត្រ បណ្តោយ២៨ម៉ែត្រ ដោយអនុវត្តសកម្មភាពសាងសង់ដោយមន្ទីរសារធារណៈការនិងដឹកជញ្ជូនខេត្ត ក្រោមការដឹកនាំរបស់ឯកឧត្តម​ ស្វាយ​ សំអ៊ាង ​អភិបាលខេត្តបានជំរុញការអភិវឌ្ឍផ្លូវស្ពាន នៅតាមគោលដៅអទិភាព ដើម្បីផ្តល់ផល​ប្រយោជន៍ដល់ប្រជាជនដាច់ស្រយាល។