សម្តេចធិបតី៖ អាជ្ញាធររាជធានី-ខេត្ត ត្រូវក្តាប់បញ្ហាកើតនៅទឹកដីខ្លួនឲ្យបានច្បាស់កុំបណ្តោយឲ្យរឿងធ្លាក់ដល់ក្រុងតាខ្មៅ
ភ្នំពេញ៖ សម្តេចធិបតី នាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានណែនំាដល់អាជ្ញាធរគ្រប់រាជធានី-ខេត្ត ទាំងអស់ត្រូវក្តាប់បញ្ហាប្រឈម ដែលបានកើតឡើងនៅមូលដ្ឋានរប់សខ្លួនឲ្យបានច្បាស់ និងទាន់ពេលវេលាកុំឲ្យពួកគាត់ដើរកាន់រូបថតថ្នាក់ដឹកនាំរហូតដល់ក្រុងតាខ្មៅ ។
នៅព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារទីស្តីការក្រសួងមហាផ្ទៃថ្មី សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីបានលើកឡើងថា បញ្ហាដែលកើតឡើងនៅលើទឹកដីរបស់ខ្លួនគប្បីដោះស្រាយជូនពួកគាត់ឲ្យបានត្រឹមត្រូវ និងទាន់ពេលវេលា កុំចាំបាច់ឲ្យពួកគាត់នាំគ្នាមកឈរកាន់រូបថតដល់ក្រុងតាខ្មៅ ដែលករណីនេះគឺបានកើតឡើងម្តងហើយម្តង ទៀត ជាពិសេសគឺបញ្ហាដីធ្លីតែម្តង ។
សម្តេចធិបតី បានសង្កត់ធ្ងន់បន្ថែមទៀតថា «ត្រូវក្ដាប់ឱ្យជាប់នូវបញ្ហាប្រឈម ក្ដីកង្វល់នានារបស់ពលរដ្ឋ ហើយខិតខំដោះស្រាយជូនពលរដ្ឋ ប្រកបដោយភាពម្ចាស់ការ ដោយកុំចាំតែមានបទបញ្ជាពីនាយករដ្ឋមន្ត្រី ឬរដ្ឋបាលថ្នាក់ជាតិ» ។
នៅក្នុងឱកាសសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារទីស្តីការក្រសួងមហាផ្ទៃថ្មីនេះដែរ សម្តេចធិបតី នាយករដ្ឋមន្រ្តី ក៏បានជំរុញដល់អាជ្ញាធរគ្រប់រាជធានី-ខេត្តទាំងអស់ត្រូវយកចិត្តទុកដាក់ បន្ថែមទៀត ក្នុងការរធ្វើប្រតិភូកម្មរវាងវិមជ្ឈការ និងវិសហមជ្ឈការ ឱ្យកាន់តែប្រសិទ្ធភាពសំដៅបង្កើនសិទ្ធិអំណាចដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការដោះស្រាយបញ្ហានៅមូលដ្ឋាន ដើម្បីជំរុញ និងលើកកម្ពស់ ប្រសិទ្ធភាពនៃការផ្ដល់សេនាសាធារណៈជូនពលរដ្ឋ ហើយត្រូវពង្រឹងសមត្ថភាពមន្រ្តីវាល្អជាជាងការពង្រីក ៕