រាជរដ្ឋាភិបាលកម្ពុជា៖ សម្តេចធិបតី នឹងបង្កើនភាពជាអ្នកដឹកនាំរបស់ស្រ្តីជាអតិបរមានៅក្នុងគ្រប់ស្ថាប័នរដ្ឋ

សៀមរាប៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលនឹងខិតខំបង្កើនភាពអង្គអាចរបស់កុមារី យុវតី បង្កើនការបណ្តុះបណ្តាលលើជំនាញផ្សេងៗទៀតដល់ស្រ្តី រួមទាំង បង្កើនសមមាត្រ ភាពជាអ្នកដឹកនាំរបស់ស្រ្តីជាអតិបរមា នៅក្នុងគ្រប់ក្រសួង ស្ថាប័នទាំងអស់របស់រដ្ឋ ។

ការអញ្ជើញជាអធិបតី សម្តេចបានថ្លែងក្នុងពិធីបើក «មហាសន្និបាត លើកទី៧ មិត្តកាយឫទ្ធិនារីតំបន់អាស៊ីប៉ាស៊ីហ្វិក» ក្រោមប្រធានបទ «ស្រមៃមើលឱកាស» នាខេត្តសៀមរាប នៅព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ ២០២៣នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានកំណត់សមភាពយេនឌ័រ និងការបង្កើនភាពអង្គអាចដល់ស្រ្តី និងក្មេងស្រីនៅគ្រប់វិស័យ ជាអាទិភាពនៅក្នុងរបៀបវារៈគោលនយោបាយរបស់ខ្លួន ដោយតាមរយៈយុទ្ធសាស្រ្តបច្ចកោណតំណាក់កាលទី១ រាជរដ្ឋាភិបាលនឹង ពង្រឹងភាពពលរដ្ឋនៅក្នុងសង្គម ដែលមានអរិយធម៌ខ្ពស់ ប្រកបដោយសីលធម៌ សមធម៌ និងបរិយាបន្ន ដោយក្នុងនោះស្រ្តីគឺជាស្នូល ។

សម្តេចធិបតី នាយករដ្ឋមន្រ្តីបានបញ្ជាក់ទៀតថា រាជរដ្ឋាភិបាល«នឹងជំរុញការចូលរួមរបស់យុវតី ក្នុងការកំណត់ជោគវាសនារបស់ប្រទេសជាតិ ដែលមានសមាគមកាយឫទ្ធិនារីជាយន្តការដ៏ចម្បងមួយ ។ យើងនឹងបង្កើនឱកាសទទួលបានការអប់រំ និងការបណ្តុះបណ្តាលវិជ្ជាជីវៈ ដល់សិស្ស និស្សិតជានារី តាម រយៈការបង្កើនអាហារូបករណ៍ និងកម្មវិធីបំប៉ននៅគ្រឹះស្ថានសិក្សា, ការផ្តល់កន្លែងស្នាក់នៅ, ការធានាសុវត្ថិភាព និងការបង្កើនចំនួនគ្រូបង្រៀនជាស្រ្តី។ ការបង្កើនសមមាត្រចូលរួមរបស់ស្រ្តីឲ្យបានជាអតិបរិមា នៅក្នុងស្ថាប័នជាតិគ្រប់ថ្នាក់។ ការពង្រឹងឱកាសការងារ និងការពារសិទ្ធិធ្វើការងារជារបស់ស្រ្តី ព្រមទាំង បន្តបង្កើនតួនាទីរបស់ស្រ្តីក្នុងការធ្វើសេចក្តីសម្រេចចិត្តនៅគ្រប់កម្រិតជាដើម»។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមទៀតថា ការប្តេជ្ញាចិត្តទាំងនេះរបស់រាជរដ្ឋាភិបាលគឺសម ស្របទៅតាមរាល់សកម្មភាពរបស់សមាគមកាយឫទ្ធិនារីកម្ពុជា ក៏ដូចជាសមាគមកាយឫទ្ធិនារីពិភពលោក ដែរ ដែលបានកំពុងធ្វើដើម្បីលើកកម្ពស់ភាពជាអ្នកដឹកនាំរបស់ស្រ្តីនោះ។

នៅក្នុងឱកាសនោះដែរសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក៏បានលើកឡើងផងដែរថា «មហាសន្និបាត លើកទី៧ មិត្តកាយឫទ្ធិនារីតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលបានធ្វើឡើងនៅកម្ពុជានាពេលនេះ មិនត្រឹមតែជាព្រឹត្តិការណ៍នៅក្នុង តំបន់អាស៊ីប៉ាហ្វិកប៉ុណ្ណោះទេ វាជាព្រឹត្តិការណ៍ដ៏ធំ និងជាប្រវត្តិសាស្រ្តប្រចាំនៅប្រទេសកម្ពុជាផងដែរ ខណៈព្រឹត្តិការណ៍នេះបានប្រព្រឹត្តិទៅក្រោមម្លប់សន្តិភាព៕