នៅតំបន់ហ្គាហ្សាស្ទ្រីប មន្ទីរពេទ្យ ជិតបិទទ្វារហើយ ដោយធ្វើឲ្យអ្នកជំងឺប្រឈមនឹងហានិភ័យ

បរទេស៖ នៅតំបន់ហ្គាហ្សាស្ទ្រីប មន្ទីរពេទ្យកៀកៗនឹងការបិទទ្វារមែនទែនហើយ ដោយសារការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលកាន់តែខ្លាំងឡើងៗ កង្វះខាតប្រេងឥន្ធនៈ និងការផ្គត់ផ្គង់សម្ភារផ្សេងទៀត ដោយធ្វើឲ្យអ្នកជំងឺ និងអ្នករបួសប្រឈមនឹងហានិភ័យ ក្នុងជម្លោះ ដែលកំពុងបន្តមាន រវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន ដែលបានឆក់ជីវិតមនុស្សរួចហើយ ៩.២៥៧នាក់ នៅតំបន់ហ្គាហ្សា ។

នៅភាគខាងជើងតំបន់ហ្គាហ្សាស្ទ្រីប មន្ទីរពេទ្យឥណ្ឌូនេស៊ី និងមន្ទីរពេទ្យមិត្តភាពទួរគី-ប៉ាឡេស្ទីន ដែលជាមន្ទីរពេទ្យឯកទេសជំងឺមហារីកតែមួយគត់ នៅកណ្តាលតំបន់ហ្គាហ្សាស្ទ្រីប បានប្រកាស កាលពីថ្ងៃព្រហស្បតិ៍ ទី២ ខែវិច្ឆិកា ថា ពួកគេបានបញ្ឈប់ប្រតិបត្តិការច្រើនណាស់ ។

សេវាវេជ្ជសាស្រ្តភាគច្រើន ក្នុងនោះរួមទាំងប្រព័ន្ធធ្វើឲ្យខ្យល់ចេញចូលក្នុងបន្ទប់ប្រតិបត្តិការ ស្ថានីយអុកស៊ីហ្សែន និងបន្ទប់អ្នកជំងឺ ត្រូវបានបិទរួចហើយ ដែលនាំឲ្យអ្នកជំងឺ ដែលស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ប្រឈមនឹងការគំរាមកំហែងដល់អាយុជីវិត ។

នៅតំបន់ហ្គាហ្សាស្ទ្រីប អ្នកនាំពាក្យរបស់មន្ទីរសុខាភិបាល កាលពីថ្ងៃសុក្រ បានអំពាវនាវឲ្យសហគមន៍អន្តរជាតិផ្តល់ជំនួយផ្នែកវេជ្ជសាស្រ្តបន្ថែមទៀតដល់មមន្ទីរពេទ្យ នៅតំបន់នេះ៕