អគ្គលេខាធិការអង្គការសហប្រជាជាតិ «បានត្រឹមស្លុតចិត្ត» ចំពោះការវាយប្រហាររបស់អ៊ីស្រាអែលលើក្បួនរថយន្តសង្គ្រោះបន្ទាន់ នៅតំបន់ហ្គាហ្សា
លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ ឬ UN កាលពីថ្ងៃសុក្រ ទី៣ ខែវិច្ឆិកា បាននិយាយថា លោកមានការរន្ធត់ចិត្តជាពន់ពេក ក្រោយមានការរាយការណ៍ពីការវាយប្រហារ នៅតំបន់ហ្គាហ្សាលើក្បួនរថយន្តសង្គ្រោះបន្ទាន់ នៅខាងក្រៅមន្ទីរពេទ្យ Al Shifa ខណៈដែលលោកបានអំពាវនាវជាថ្មីឲ្យមានបទឈប់បាញ់ ដើម្បីបុព្វហេតុមនុស្សធម៌ ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោក Guterres ថា៖ «ឥឡូវនេះ រយៈពេលជិតមួយខែហើយ ដែលជនស៊ីវិល នៅតំបន់ហ្គាហ្សា ក្នុងនោះរួមទាំងកុមារ និងស្ត្រីផង ត្រូវបានឡោមព័ទ្ធ មិនទទួលបានជំនួយ ត្រូវបានសម្លាប់ និងប្រឈមជាមួយនឹងការទម្លាក់គ្រាប់បែកលើផ្ទះសម្បែងរបស់ពួកគេ។ ទាំងនេះត្រូវតែបញ្ឈប់ភ្លាមៗ» ។
លោកបានបន្ថែមថា៖ «គ្រប់ភាគីទាំងអស់ ត្រូវតែគោរពច្បាប់មនុស្សធម៌អន្តរជាតិ ។ ជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ដែលរួមទាំងបុគ្គលិកផ្នែកមនុស្សធម៌ និងវេជ្ជសាស្ត្រ ព្រមទាំងទ្រព្យសម្បត្តិនានា ត្រូវតែទទួលបានការការពារ ។ ហើយអ្វីដែលសំខាន់បំផុតនោះ គឺថា ជនស៊ីវិលក៏មិនត្រូវយកមកធ្វើជាខែលការពារមនុស្សដែរ» ។
ខណៈមិនបានបញ្ជាក់ពីចំនួនអ្នកស្លាប់ និងរងរបួសនោះ ក្រសួងការពារជាតិអ៊ីស្រាអែល បានអះអាងថា រថយន្តសង្គ្រោះបន្ទាន់ នៅតំបន់ហ្គាហ្សា ត្រូវបានវាយប្រហារ ប៉ុន្តែបាននិយាយថា រថយន្តនេះកំពុងត្រូវបានប្រើប្រាស់ ដោយពួកសកម្មប្រយុទ្ធហាម៉ាស ហើយបានចោទប្រកាន់ក្រុមនេះថា បានផ្ទេរពួកសកម្មប្រយុទ្ធ និងអាវុធ នៅក្នុងរថយន្តនោះ។
ចំនែកក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាស នៅតំបន់ហ្គាហ្សា បានប្រាប់ថា ការវាយប្រហាររបស់អ៊ីស្រាអែលទៅលើរថយន្តសង្គ្រោះ ដែលខ្លួនបាននិយាយថា ត្រូវបានប្រើដើម្បីដឹកអ្នករងរបួសពីតំបន់ភាគខាងជើងហ្គាហ្សា ដែលត្រូវបានឡោមព័ទ្ធនោះ បានសម្លាប់មនុស្ស ១៥នាក់និង ៦០នាក់ផ្សេងទៀត រងរបួស៕