ច្រានចោលពីលោក Netanyahu លើការអំពាវនាវរបស់អាមេរិកឱ្យ ផ្អាកការប្រយុទ្ធសម្រាប់ផ្នែកមនុស្សធម៌
អ៊ីស្រាអែល៖ បង្ហាញពីមហន្តរាយនៃការវាយប្រហារ តាមអាកាសរបស់អ៊ីស្រាអែល នៅខាងក្រៅមន្ទីរពេទ្យហ្កាហ្សា តាមវីដេអូទទួលបានដោយសារព័ត៌មាន Reuters កាលពីថ្ងៃសុក្រ ដែលយោធាអ៊ីស្រាអែលនិយាយថា បានដាក់គោលគោលដៅទៅលើរថយន្តគិលានសង្គ្រោះ ដែលត្រូវបានប្រើដើម្បីដឹកអ្នកប្រយុទ្ធក្រុមហាម៉ាស ។
ប៉ុន្តែអាជ្ញាធរសុខាភិបាលតំបន់ហ្កាហ្សា គ្រប់គ្រងដោយក្រុមហាម៉ាស បាននិយាយថា កំពុងដឹកជនស៊ីវិល ដែលរងរបួសចេញពីទីក្រុងដែលត្រូវបានហ៊ុមព័ទ្ធ ដោយមានមនុស្សស្លាប់ច្រើន ។ ការវាយប្រហារបានកើតឡើង នៅពេលដែលនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បាននិយាយយ៉ាងច្បាស់កាលពីថ្ងៃសុក្រថា ខ្លួននឹងពុំមានការផ្អាកសង្គ្រាមជាមួយក្រុមហាម៉ាសនោះទេ លុះត្រាតែចំណាប់ថ្នូរអ៊ីស្រាអែលត្រូវបានដោះលែង ។
លោកបានជួបជាមួយរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken ក្នុងដំណើរទស្សនកិច្ចលើកទីពីររបស់លោកទៅកាន់ប្រទេសនេះ ចាប់តាំងពីការវាយប្រហាររបស់ក្រុមហាម៉ាសកាលពីថ្ងៃទី ៧ ខែតុលា។ ផ្នែកមួយនៃដំណើរទស្សនកិច្ចរបស់លោក Blinken គឺផ្តោតលើការបញ្ចុះបញ្ចូលរដ្ឋាភិបាលអ៊ីស្រាអែលឱ្យយល់ព្រមចំពោះការផ្អាកសង្គ្រាមបណ្តោះអាសន្ន ដែលនឹងការពារជនស៊ីវិលប៉ាឡេស្ទីន។ ប៉ុន្តែការអត្ថាធិប្បាយរបស់លោកកាលពីថ្ងៃសុក្រ និងការឆ្លើយតបរបស់លោក Netanyahu បង្ហាញថាការព្រមព្រៀងណាមួយនឹងមិនងាយកើតឡើងនោះទេ។
យើងផ្តោតជាសំខាន់លើការនាំយកចំណាប់ថ្នូរត្រឡប់មកវិញ និងនាំពួកគេត្រឡប់ទៅគ្រួសាររបស់ពួកគេវិញដោយសុវត្ថិភាព ហើយយើងជឿជាក់ថា ក្នុងចំណោមបញ្ហាផ្សេងទៀត ការផ្អាកសង្គ្រាមសម្រាប់ផ្នែកមនុស្សធម៌អាចជួយដល់កិច្ចខិតខំប្រឹងប្រែងនោះ។
សហរដ្ឋអាមេរិក ក៏ដូចជាអ៊ីស្រាអែលដែរ មិនគាំទ្រឲ្យមានបទឈប់បាញ់នោះទេ ។ ប៉ុន្តែរដ្ឋបាល លោក Biden គាំទ្រការផ្អាកដែលកំណត់ចំពោះការប្រយុទ្ធគ្នានៅក្នុងតំបន់មួយចំនួន ហើយបាននិងកំពុងសម្របសម្រួលកាន់តែខ្លាំងសម្រាប់កិច្ចខិតខំប្រឹងប្រែងមនុស្សធម៌ ។ សេតវិមានបានរាយការណ៍ថាពលរដ្ឋអាមេរិកប្រហែល១០០នាក់ បានចាកចេញពីតំបន់ហ្កាហ្សា កាលពីថ្ងៃព្រហស្បតិ៍។