ប្រជុំរៀបចំការពារ និងដោះស្រាយបញ្ហានានាក្នុងការប្រឡងបាក់ឌុប របស់រដ្ឋបាលរាជធានី និងជំនាញពាក់ព័ន្ធ

ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញបានធ្វើការណែនាំឱ្យកម្លាំងនគរបាលទាំងអស់ ពិសេសកងកម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ នៅក្នុងរាជធានីភ្នំពេញ ក្នុងរយៈពេល២ថ្ងៃគឺថ្ងៃទី០៦ និងទី០៧ ខែវិច្ឆិកាឆ្នាំ២០២៣នេះ ដាច់ខាតមិនឱ្យដាក់កម្លាំងរឹតបន្តឹងច្បាប់ចរាចរផ្លូវគោកនោះទេ តែត្រូវសម្រួលចរាចរណ៍ដល់សិស្សានុសិស្សបានទៅប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិទាន់ពេលវេលា ។

នេះជាការណែនាំរបស់លោក កើត ឆែ អភិបាលស្តីទី នៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំស្តីពីវិធានការរៀបចំការប្រទ្បងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាព្រឹកថ្ងៃទី០៣ ខែវិច្ជិកា ឆ្នាំ២០២៣ នៅសាលារាជធានីភ្នំពេញ ដែលកិច្ចប្រជុំនេះ មានការចូលរួមពីអង្គភាពប្រឆាំងអំពើពុករលួយ និងតំណាងក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងអាជ្ញាធរ និងកងកម្លាំងទាំង១៤ខណ្ឌ ដែលកិច្ចប្រជុំនេះធ្វើឡើងដើម្បីពង្រឹង សន្តិសុខ សណ្តាប់ធ្នាប់ នៅក្នុងការប្រឡង សំខាន់ឱ្យដំណើរការនៃការប្រឡងនេះ ទទួលបានជោគជ័យ និងមិនមានភាពថ្លោះធ្លោយ ។

លោក កើត ឆែ បានធ្វើការណែនាំឱ្យអាជ្ញាធរ ក៏ដូចជាកងកម្លាំងប្រដាប់អាវុធទាំងអស់ត្រូវពង្រឹងសុវត្ថិភាពនៅគ្រប់មណ្ឌលប្រឡងទាំងអស់ ធ្វើយ៉ាងណាកុំឱ្យមានភាពឆក់ល្វែងណាមួយកើតឡើង នៅពេលប្រឡងនេះ ។

លើសពីនេះលោកក៏បានណែនាំទៅឱ្យ អាជ្ញាធរខណ្ឌត្រូវចុះពិនិត្យរដ្ឋបាលចំពោះមណ្ឌលប្រឡងណា ដែលមានប្រជាពលរដ្ឋស្នាក់នៅ និងបានណែនាំទៅមន្ទីរសុខាភិបាល ត្រូវដាក់ក្រុមគ្រូពេទ្យ ដើម្បីព្យាបាលក៏ដូចជាសង្គ្រោះនៅពេលដែលមានបេក្ខជនជនណាមួយមានបញ្ហាសុខភាព ។

ពាក់ព័ន្ធនឹងការផ្ញើកង់ ម៉ូតូវិញ លោក កើត ឆែ បានណែនាំមិនឱ្យប្រាក់ឡើយ នៅពេលប្រលង២ថ្ងៃនេះ ដោយរាល់ការចំណាយទាំងនេះ គឺរដ្ឋបាលរាជធានីភ្នំពេញជាអ្នករ៉ាប់រង ៕