ឪកាសហុចឲ្យ! ជនសង្ស័យ២នាក់ ឆក់ទូរស័ព្ទពីបុរសម្នាក់អង្គុយលើម៉ូតូយកទៅបាត់
កណ្តាល៖ ជនសង្ស័យ២នាក់ជិះម៉ូតូមួយគ្រឿង បានឆក់យកទូរស័ព្ទ យុវជនម្នាក់ទៅបាត់ ខណៈកំពុងអង្គុយចុចទៅលើម៉ូតូកាលពីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង០៧:០៥នាទីស្ថិតនៅចំណុចភូមិសំរោង ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល ។
ក្នុងនោះជនសង្ស័យមានដូចខាងក្រោម៖
-ទី១-ឈ្មោះ ហួន គីមហេង ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រែកអំបិល ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល ឃាត់ខ្លួនបាន។
-ទី២.ឈ្មោះ ខេន មករា ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រែកឡៃ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល កំពុងរត់គេចខ្លួន។
មុនកើតហេតុជនរងគ្រោះ បានឈប់ម៉ូតូចុចទូស័ព្ទដៃតែម្នាក់ឯង ដោយឃើញឱកាសល្អ ជនសង្ស័យបានធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃពីជនរងគ្រោះ រួចបានជិះម៉ូតូគេចខ្លួនមកតាមផ្លូវជាតិលេខ១២១០ សំដៅមកស្អាងព្រែកតូចបាត់ទៅ នេះបើតាមការឱ្យដឹងពីសមត្ថកិច្ច។
ក្រោយទទួលបានព័ត៌មាន សម្ថតកិច្ចជំនាញផ្នែកនគរបាលយុត្តិធម៌ស្រុកស្អាង បានសហការណ៍ជាមួយកម្លាំងនគរបាលអន្តរាគមន៍ស្រុកស្អាង កម្លាំងប៉ុស្តិ៍ក្រាំងយ៉ូវ ស្អាងភ្នំ ព្រែកគយ ចុះអន្តរាគម៍តាមស្វែងរកចាប់ជនល្មើសខាងលើរហូតមកដល់វេលាម៉ោង១៦:០០នាទី កម្លាំងនគរបាលបានតាមឃាត់ខ្លួនជនសង្ស័យ១នាក់ រួមជាមួយម៉ូតូ ០១គ្រឿងម៉ាក Honda Dream C125 ពណ៌ទឹកមាស ពាក់ផ្លាកលេខ ភ្នំពេញ 1CX-6825 នាំមកកាន់អធិការដ្ឋាននគរបាលស្រុកស្អាង ។
ជនសង្ស័យក្រោយឃាត់ខ្លួន បានឆ្លើយសារភាពនៅចំពោះមុខសមត្ថកិច្ចថា ខ្លួននឹងបក្ខពួកពិតជាបានធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃខាងលើពិតប្រាកដមែន ។ ហើយកន្លងមកខ្លួន និងបក្ខពួកក៏ធ្លាប់ធ្វើសកម្មភាពឆក់ទូរសព្ទដៃ បានសម្រេចចំនួន០៣លើកផងដែរ ៕