ម៉ាស៊ីនព្យាបាលជំងឺមហារីកទំនើបចុងក្រោយបង្អស់ វៀតណាមចង់ទិញ មានតម្លៃជាងមួយរយលានដុល្លារអាមេរិក/គ្រឿង
ម៉ាស៊ីនវិទ្យុសកម្មប្រូតុង ត្រូវបានប្រធានមន្ទីរពេទ្យជោរៃរបស់វៀតណាម បានដាក់សំណើទិញដើម្បីយកមកព្យាបាលជំងឺមហារីក ចំនួនពីរគ្រឿង សម្រាប់រដ្ឋធានីហាណូយ និងទីក្រុងហូជីមិញ ក្នុងនោះ ម៉ាស៊ីននេះមានតម្លៃយ៉ាងតិចប្រហែលពី 101,719,000.00 ដុល្លារអាមេរិក ។
ម៉ាស៊ីនវិទ្យុសកម្មប្រូតុង គឺជាម៉ាស៊ីនបាញ់កាំរស្មីពីក្រៅទំនើបបំផុតនាបច្ចុប្បន្ន ដែលអនុញ្ញាតឱ្យបាញ់វិទ្យុសកម្មសមស្រប និងសុក្រឹតទៅកាន់ដុំគីស សូម្បីតែពួកវាមានរូបរាងស្មុគស្មាញ និងស្ថិតនៅក្បែរអវយវៈមិនមានជំងឺ និងងាយប្រតិកម្ម ។ វិធីសាស្ត្រនេះនឹងដោះស្រាយបាននូវចំណុចអវិជ្ជមាននៃការព្យាបាលដោយម៉ាស៊ីនបង្កើនល្បឿនលីនេអ៊ែរ LINAC (Linear Accelerator) ដែលអាចបង្កផលប៉ះពាល់ច្រើន ។
ការស្រាវជ្រាវមួយបង្ហាញថា វៀតណាមមានអ្នកជំងឺមហារីកប្រមាណ 9,000 នាក់ ដែលត្រូវការការព្យាបាលដោយម៉ាស៊ីនបច្ចេកវិទ្យាថ្មីបំផុតនេះ ។ បន្ទប់វិទ្យុសកម្មប្រូតុងមួយអាចព្យាបាលអ្នកជំងឺប្រហែល 300 នាក់ ក្នុងមួយឆ្នាំ ដូច្នេះ វៀតណាម ត្រូវការម៉ាស៊ីនទំនើបចុងក្រោយនេះប្រហែល 30 គ្រឿង ។ ក៏ប៉ុន្តែ បច្ចុប្បន្ន ប្រទេសនេះមិនទាន់មានមួយគ្រឿងណានៅឡើយទេ ។
ជាមូលហេតុ ក្នុងកិច្ចប្រជុំមួយនៅសភាជាតិវៀតណាម កាលពីថ្ងៃទី 01 ខែវិច្ឆិកា ឆ្នាំ២០២៣ ប្រធានមន្ទីរពេទ្យជោរៃ លោក ង្វៀន ទ្រីធឹក យល់ថា ការបំពាក់ម៉ាស៊ីនវិទ្យុសកម្មប្រូតុងគឺជារឿងចាំបាច់ និងបន្ទាន់ ។ លោកបានដាក់សំណើទិញម៉ាស៊ីនវិទ្យុសកម្មប្រូតុងដើម្បីព្យាបាលជំងឺមហារីក ចំនួនពីរគ្រឿង សម្រាប់រដ្ឋធានីហាណូយ និងទីក្រុងហូជីមិញ ក្នុងនោះ ម៉ាស៊ីនមួយគ្រឿងៗមានតម្លៃប្រហែលពី 101,719,000.00 ទៅ 122,062,800.00 ដុល្លារអាមេរិក ។
បច្ចុប្បន្ន នៅលើពិភពលោក មានមជ្ឈមណ្ឌលព្យាបាលជំងឺមហារីកជាង 120 កន្លែង កំពុងប្រើប្រាស់ម៉ាស៊ីនវិទ្យុសកម្មប្រូតុង ។ បណ្ដាប្រទេសអភិវឌ្ឍលើពិភពលោក មានជាអាទិ៍ សហរដ្ឋអាម៉េរិក ជប៉ុន អាល្លឺម៉ង់ បារាំង អង់គ្លេស រុស្ស៊ី ចិន និងប្រទេសមួយចំនួននៅអាស៊ីអាគ្នេយ៍ (សិង្ហបុរី និងថៃ) សុទ្ធតែមានម៉ាស៊ីនទំនើបនេះ ៕