សមត្ថកិច្ចឡោមព័ទ្ធទីតាំងហ្គេមមួយកន្លែង ចាប់ខ្លួនមនុស្សជាង ៨០នាក់ នៅជិតកោះពេជ្រ

ភ្នំពេញ៖ ស្ថិតនៅមូលដ្ឋានសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កម្លាំងសមត្ថកិច្ច បានចុះឡោមព័ទ្ធអគារ១កន្លែង ដែលមានស្លាកយីហោរ ការកម្សាន្តក្រោន (CROWN ENTERTAINMENT) ។ ប្រតិបត្តិការនេះ មនុស្សប្រុសស្រីជាង ៨០នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចនៃនាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម បានឃាត់ខ្លួន ដោយសង្ស័យជាប់ពាក់ព័ន្ធការលេងល្បែងស៊ីសង និងល្បែងបាញ់ត្រី កាលពីវេលាម៉ោង៩យប់ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ ។

បន្ទាប់ពីចាប់ខ្លួនពួកគេ ត្រូវបានបញ្ជូនទៅធ្វើការសាកសួរ យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ គេឃើញមានវត្តមានរបស់សមត្ថកិច្ច នៃនាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម ជាច្រើននាក់ បានចុះទៅទីតាំងអគារខាងលើ និងបានឡោមព័ទ្ធទីតាំងដែលមានបង្កប់ល្បែងបាញ់ត្រី និងល្បែងផ្សេងទៀតនៅខាងក្នុង ព្រមទាំងបានធ្វើការឃាត់ខ្លួនមនុស្សប្រុសស្រីជាច្រើននាក់ ក្នុងនោះមានជនបរទេសផងដែរ ។

មនុស្សដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួន មានរហូតដល់ទៅ ៨៣នាក់ ក្នុងនោះខ្មែរ ៦៣នាក់ វៀតណាម ៨នាក់ ចិន ១៣នាក់។ បន្ទាប់ពីការឃាត់ខ្លួន សមត្ថកិច្ចបានដកហូត គ្រឿងអេឡិចត្រូនិច បៀរការ៉ាត់ បុកប៊ីយ៉ែ ហ្គេមបាញ់ត្រី ម៉ាស៊ីនស្លុត និងសម្ភារលេងល្បែងផ្សេងៗទៀត បើយោងតាមរបាយការណ៍បឋមរបស់សមត្ថកិច្ច បានឱ្យដឹង។

ក្រោយឃាត់ខ្លួន សមត្ថកិច្ចបានបញ្ជូនមនុស្សទាំង៨៣នាក់ ឡើងទៅលើរថយន្តដឹកអ្នកដំណើរចំនួន ២គ្រឿង ព្រមទាំងបញ្ជូនទៅកាន់នាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម ដើម្បីធ្វើការសាកសួរ និងចាត់វិធានការតាមនីតិវិធីច្បាប់៕