លោក Elon Musk ចង់លុបបំបាត់ធនាគារ ចាប់ពីឆ្នាំក្រោយដោយបណ្ដាញសង្គម X
លោក Elon Musk មហាសេដ្ឋីអាម៉េរិកដើមកំណើតអាហ្វ្រិកខាងត្បូង ចង់ប្រែក្លាយបណ្ដាញសង្គម X (អតីត Twitter) ឱ្យទៅជាមជ្ឈមណ្ឌលហិរញ្ញវត្ថុរបស់អ្នកប្រើប្រាស់ ក្នុងមហិច្ឆតាលុបបំបាត់គណនីធនាគារចាប់ពីចុងឆ្នាំ 2024 ។
The Verger ដកស្រង់សម្ដីរបស់លោក Elon Musk ដែលបានថ្លែងទៅកាន់បុគ្គលិកកាលពីថ្ងៃទី 26 ខែកក្កដា ថា លោកចង់ឱ្យបណ្ដាញសង្គម X អាចដោះស្រាយគ្រប់កិច្ចការ ដែលទាក់ទងនឹងប្រាក់កាស នៅក្នុងជីវភាពប្រចាំថ្ងៃ ហើយអ្នកប្រើប្រាស់ «នឹងត្រូវភ្ញាក់ផ្អើលនៅចំពោះមុខឥទ្ធិពលរបស់វា» ។
លោក Elon Musk បកស្រាយថា ការទូទាត់ប្រាក់លើ X នឹងកែប្រែទាំងស្រុងនូវវិធីផ្ទេរប្រាក់របស់អ្នកប្រើប្រាស់ ។ បើសិនអ្នកលេងបណ្ដាញសង្គម X ណាម្នាក់ចង់ផ្ញើលុយ 20 ដុល្លារឱ្យមិត្តភក្ដិ ពួកគេនឹងមិនចាំបាច់មានគណនីធនាគារឡើយ ។
ទាក់ទងនឹងរឿងនេះដែរ CEO របស់ X អ្នកស្រី Linda Yaccarino ក៏បានចាត់ទុកថា ឱកាសនេះនឹងអាចអនុវត្តបានចាប់ពីឆ្នាំ 2024 ។
យោងតាម The Verge លោក Elon Musk ចង់ផ្ដួល PayPal ដែលលោកបានបង្កើតឡើងកាលពីពីរទសវត្សរ៍មុន។ គំនិតរបស់ម្ចាស់ Tesla ដែលចង់ឱ្យ X ក្លាយជាមជ្ឈមណ្ឌលហិរញ្ញវត្ថុនេះ បានដក់ជាប់ក្នុងបេះដូងរបស់គាត់ ហើយគាត់បាននិយាយអំពីរឿងនេះតាំងពីកិច្ចប្រជុំដំបូងនៅ Twitter ៕