នៅជុំវិញតំបន់ Avdiivka របស់អ៊ុយក្រែន រុស្ស៊ីកំពុងដាក់ពង្រាយកងទ័ពបន្ថែមទៀត

បរទេស៖ យោធារុស្ស៊ី ទំនងជា កំពុងផ្តោតការវាយលុករបស់ខ្លួន ទៅលើតំបន់ Avdiivka ជាទីតាំងបន្ទាយក្នុងតំបន់របស់កងកម្លាំងអ៊ុយក្រែន ស្របគ្នានឹងការប្រយុទ្ធដ៏ខ្លាំង បានបន្តនៅក្នុងតំបន់ Donetsk របស់អ៊ុយក្រែនភាគខាងកើត ។ ការវាយលុករបស់រុស្ស៊ី ក្នុងក្រុង Avdiivka កាន់តែខ្លាំងឡើង ចាប់តាំងពីដើមខែតុលា មក។

នៅក្នុងការវិភាគរបស់ខ្លួន ដែលបានចេញផ្សាយកាលពីថ្ងៃអាទិត្យថា បច្ចុប្បន្នរុស្ស៊ី មានកងទ័ព ៤០.០០០នាក់ ក្នុងទិសដៅក្នុងក្រុង Avdiivka និងកំពុងផ្ទេរកម្លាំងបន្ថែមទៀត ទៅកាន់តំបន់នេះ បើតាមវិទ្យាស្ថានសិក្សាពីសង្គ្រាមរបស់សហរដ្ឋអាមេរិក បានលើកឡើង ។

រុស្ស៊ី ត្រូវបានគេនិយាយថា មានអ្នកស្លាប់និងរងរបួសច្រើន ក្នុងការប្រយុទ្ធគ្នាក្នុងក្រុង Avdiivka ។ យោធាអ៊ុយក្រែន និយាយកាលពីថ្ងៃចន្ទថា យន្តហោះរុស្ស៊ី៦គ្រឿង រួមមានទាំងយន្តហោះ Sukhoi ត្រូវបានបាញ់ទម្លាក់ ។

ការវាយបករបស់អ៊ុយក្រែន បានបន្តនៅភាគខាងត្បូង ។ នៅក្នុងតំបន់ Kherson កងទ័ពអ៊ុយក្រែន ទំនងជាបានឆ្លងកាត់ទៅកាន់ផ្នែកនៃទន្លេ Dnipro ភាគខាងកើតដែលកាន់កាប់ដោយរុស្ស៊ី ។

តាមសេចក្តីរាយការណ៍ យោធារុស្ស៊ី បានបណ្តេញចេញប្រធានក្រុមប្រយុទ្ធ នៅក្នុងតំបន់ Kherson ។ ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី បានរាយការណ៍ថា ឧត្តមសេនីយ៍ឯក Mikhail Teplinsky មេបញ្ជាការកងកម្លាំងទ័ពអាកាសរុស្ស៊ី ត្រូវបានតែងតាំងថ្មី៕