ប្រមុខការពារជាតិ៖ ការដោះស្រាយជម្លោះ ការសន្ទនា និងការទូតជាឧបករណ៍ដ៏មានប្រសិទ្ធភាពបំផុត
ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា នៅទីក្រុងបេកាំងប្រទេសចិន នាយឧត្តមសេនីយ៍ ទៀ សីហា បានថ្លែងថា ការប្រែប្រួលភូមិសាស្ត្រនយោបាយ និងការកើតឡើងនូវបញ្ហាប្រឈមផ្នែកសន្តិសុខ ដែលចេះតែរីកធំឡើងពីមួយថ្ងៃទៅមួយថ្ងៃ ខណៈបញ្ហាទាំងនេះកើតឡើង គឺកើតចេញពីការប្រកួតប្រជែងរបស់ប្រទេសមហាអំណាចនានា ដូច្នេះកម្ពុជារំពឹងថា មានតែការសន្ទនា និងការទូតទេជាឧបករណ៍ដ៏មានប្រសិទ្ធភាពបំផុតក្នុងការដោះស្រាយជម្លោះទាំងឡាយនោះ។
ការថ្លែងរបស់ប្រមុខការពារជាតិកម្ពុជានេះ គឺបានធ្វើឡើងក្នុងឱកាសដែលឯកឧត្តមចូលរួមក្នុង វេទិកា សៀងសាន លើកទី១០ នៅទីក្រុងប៉េកាំងនាថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣នេះ ដោយវេទិកានេះ មានការអញ្ជើញចូលរួមពីប្រមុខថ្នាក់ដឹកនាំការពារជាតិ និងកងទ័ពមកពីបណ្តាប្រទេសនៅអឺរុប អាហ្វ្រិកអាស៊ី និងប្រទេសក្នុងតំបន់អាស៊ានសរុបទាំងអស់ជាង ៦០ប្រទេស។
នាយឧត្តមសេនីយ៍ ទៀ សីហា បានថ្លែងទៅកាន់វេទិកានេះថា ឯកឧត្តមសូមសម្តែងនូវសេចក្តីសោមនស្សរីករាយដែលបានចូលរួមក្នុងវេទិកា សៀងសាន ទីក្រុងប៉េកាំង លើកទី១០ ដែលជាវេទិកាដ៏សំខាន់ សម្រាប់ការប្តេជ្ញាចិត្តរួមរបស់យើងក្នុងការលើកកម្ពស់ និងថែរក្សាសន្តិភាព សន្តិសុខ និងកិច្ចសហប្រតិបត្តិការ។
ឯកឧត្តមបានថ្លែងទៀតថា ទិដ្ឋភាពសកលលោកកំពុងឆ្លងកាត់ការផ្លាស់ប្តូរយ៉ាងរហ័សដែលមិនធ្លាប់ឃើញពីមុនមក និងពោពេញទៅដោយភាពមិនប្រាកដប្រជា ទាំងការប្រែប្រួលភូមិសាស្ត្រនយោបាយ និងការកើតឡើងនូវបញ្ហាប្រឈមផ្នែកសន្តិសុខ ដែលចេះតែរីកធំឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ ការប្រកួតប្រជែងភូមិសាស្ត្រនយោបាយកាន់តែខ្លាំងឡើងក្នុងចំណោមមហាអំណាចនានា កំពុងជំរុញឱ្យមានការផ្លាស់ប្តូរជាបន្តបន្ទាប់នៅក្នុងទិដ្ឋភាពយុទ្ធសាស្ត្រក្នុងតំបន់ និងពិភពលោកដោយស្ថានភាពនេះបានដាក់សម្ពាធលើសន្តិភាព សន្តិសុខ និងវិបុលភាពជាដើម។
យ៉ាងណាក៏ដោយឯកឧត្តមនាយឧត្តមសេនីយ៍ បានបញ្ជាក់ទៅកាន់អង្គវេទិកាទៀតថា « តាមបទពិសោធន៍របស់កម្ពុជា យើងជឿជាក់យ៉ាងមុតមាំថា ការសន្ទនា និងការទូតជាឧបករណ៍ដ៏មានប្រសិទ្ធភាពបំផុតក្នុងការដោះស្រាយជម្លោះ។ ភាគីពាក់ព័ន្ធទាំងអស់ក្នុងជម្លោះ គួរតែធ្វើការទំនាក់ទំនងគ្នាទៅវិញទៅមកប្រកបដោយការស្ថាបនា ដើម្បីបញ្ឈប់អំពើហិង្សាជំរុញការយោគយល់គ្នា និងគោរពផលប្រយោជន៍ និងសន្តិសុខរបស់គ្នាទៅវិញទៅមក ក្នុងពេលដែលនៅបន្តរក្សាសន្តិសុខ និងផលប្រយោជន៍ជាតិរៀងៗខ្លួន។ សន្តិភាពនៅតែជាមូលដ្ឋានគ្រឹះនៃសេចក្តីប្រាថ្នារួមរបស់យើង។ មានតែតាមរយៈការរួមរស់ជាមួយគ្នាដោយសន្តិវិធី និងការសន្ទនាប៉ុណ្ណោះទើបយើងអាចសម្រេចបាននូវស្ថិរភាព និងបង្កើតបរិយាកាសអំណោយផលដល់វឌ្ឍន¬ភាព និងការអភិវឌ្ឍ»។
ក្នុងនាមក្រសួងការពារជាតិកម្ពុជា ឯកឧត្តម ទៀ សីហា ក៏បានបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការប្រកបដោយការស្ថាបនា ជាមួយប្រជាជាតិទាំងអស់ តាមរយៈក្របខណ្ឌទ្វេភាគី តំបន់ និងអន្តរជាតិ ដើម្បីរួមចំណែកដល់សន្តិភាព សន្តិសុខ ស្ថិរភាព ការអភិវឌ្ឍប្រកបដោយចីរភាព និងវិបុលភាពពិភពលោកជាដើម។
ឯកឧត្តមបានបញ្ជាក់ទៅកាន់វេទិកាដ៏ធំនេះទៀតថា កម្ពុជានឹងបន្តដើរតាមផ្លូវនៃគោលនយោបាយការបរទេសឯករាជ្យ និងអព្យាក្រឹតផ្អែកលើច្បាប់ ការគោរពគ្នាទៅវិញទៅមក និងការប្រកាន់ខ្ជាប់នូវគោលការណ៍ទាំងធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន។ គោលដៅរបស់យើងគឺលើកកម្ពស់ផលប្រយោជន៍ជាតិ ពង្រឹងមិត្តភាពដែលមានស្រាប់ និងជំរុញទំនាក់ទំនងមិត្តភាពថ្មី។ កម្ពុជានៅតែប្រកាន់ជំហរប្រឆាំងនឹងការគំរាមកំហែង ឬការប្រើប្រាស់កម្លាំងក្នុងទំនាក់ទំនងអន្តរជាតិ ការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃ៕